ភ្នំពេញ៖ បន្ទាប់ពីក្លឹបភ្នំពេញក្រោនបានលក់កីឡាករដ៏ ឆ្នើមមួយរូបដែលជាប់ពិន័យទៅឲ្យក្លឹបបឹងកេតអង្គរ កាលពីពេលថ្មីៗកន្លងទៅ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះក្រុមជើងឯក League ឆ្នាំ២០១៤ នឹងបន្ដលក់កីឡាករជើងខ្លាំង ២រូបទៀត ទៅឲ្យគូប្រជែងដ៏សំខាន់របស់ខ្លួន ដែលត្រៀមនឹងប្រកួតពានរង្វាន់ Hun Sen-Cup និងពាន League ឆ្នាំ២០១៥ នាពេលខាងមុខ គឺក្រុមណាហ្គាខប ។
កីឡាកឆ្នើមទាំង២រូបដែលត្រូវបានថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន លោក រិទ្ធី សំណាង សម្រេចជម្រុះចេញពី ក្រុមទាំងគ្មានស្ដាយស្រណោះទៅលេងឲ្យក្រុមណាហ្គាខបនោះ រួមមានកីឡាករ ឃឹម បូរី និងកីឡាករ គួច សុកុម្ភៈ ដែលសុទ្ធតែជាកីឡាករល្អ ដែលតែងតែរកគ្រាប់បាល់ជ័យជំនះឲ្យក្រុមភ្នំពេញក្រោន ក្នុងការប្រកួតនាពេលកន្លងមក ។
បើតាមការបញ្ជាក់ពីមន្ដ្រីក្លឹបភ្នំពេញក្រោន បានបង្ហើបឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រៀងព្រមផ្ទេរកីឡាកររវាងក្លឹបភ្នំពេញក្រោន និងក្លឹបណាហ្គាខប នឹងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករានេះ ។ សម្រាប់លោក មាស ចាន់ណា ដែលទើបទទួលបានតំណែងជាគ្រូធំប្រចាំក្លឹបណាហ្គាខប បានសម្ដែងការត្រេកអរជាខ្លាំង ដែលថ្នាក់ដឹកនាំបាននាំកីឡាករ ឃឹម បូរី និងកីឡាករ គួច សុកុម្ភៈ មកលេងក្នុងក្រុមខ្លួន ព្រោះកីឡាករទាំង២រូប អាចនឹងនាំជោគវាសនាឲ្យក្លឹបណាហ្គាខបឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនាពេលខាងមុខ ។
ប្រភពព័ត៌មាន ដែលសរសេរបង្ហោះលើ Facebook ផ្លូវការក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា កីឡាករ ឃឹម បូរី បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ ប៉ុន្ដែមុននឹងផ្លាស់មកលេងឲ្យភ្នំពេញក្រោន កីឡាករឆ្នើមរូបនេះ បានលេងឲ្យក្រុមក្រសួងការពារជាតិចំនួន៥ឆ្នាំ ហើយក៏ត្រូវបានក្លឹប Sisaket FC ដែលក្លឹបលំដាប់កំពូលរបស់ថៃខ្ចីជើងទៅលេងអស់មួយរយៈផងដែរ ។ ឯកីឡាករ គួច សុកុម្ភៈ មានអាយុ ២៧ឆ្នាំ មុនផ្លាស់មកលេងឲ្យភ្នំពេញក្រោន កីឡាករមកពីខេត្តបាត់ដំបងរូបនេះ ធ្លាប់លេងឲ្យក្រុមខេមរាកីឡាចំនួន ៤ឆ្នាំ ប៉ុន្ដែគេក៏ធ្លាប់បានជួយឲ្យភ្នំពេញក្រោន លើកពាន League ចំនួន ២រដូវកាលផងដែរ ។
គួរបញ្ជាក់ថា កីឡាករ ឃឹម បូរី និងកីឡាករ គួច សុកុម្ភៈ រួមទាំងកីឡាករ ហុង ផេង ដែលផ្ទេរចេញពីភ្នំពេញក្រោនទៅលេងឲ្យក្លឹបបឹងកេតអង្គរនោះ គឺសុទ្ធតែជាកីឡាករជ័យពិន័យក្នុងចំណោមកីឡាករ ៤រូប ដែលភ្នំពេញក្រោន បានដាក់ពិន័យមិនចូលរួមប្រកួត រហូតដល់ចប់ព្រឹត្តិការណ៍ពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៥នេះ ។ ចំណែកឯកីឡាករម្នាក់ទៀត ដែលជាប់ពិន័យ ប៉ុន្ដែមិនទាន់ចាកចេញពីភ្នំពេញក្រោននៅឡើយនោះ គឺអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី ដែលពេលនេះក៏កំពុងតែសម្លឹករកមើលទ្រនំថ្មីផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល