ស្ទើរតែមិនគួរអោយជឿ ៖ ហោចណាស់ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍រន្ធត់ រថយន្តបុកបន្តកន្ទុយគ្នា ដល់ទៅ ១០០ គ្រឿង នៅលើ ស្ពានមួយកន្លែង ជិតនឹង អាកាសយានដ្ឋានអន្តរជាតិ Incheon ប្រទេស កូរ៉េខាងត្បូង ។
បន្ថែមពីលើនេះ សេចក្តីរាយការណ៍បន្តអោយដឹងថា ៖ មនុស្ស ៤២ នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងនោះ ជនរងគ្រោះ ៨ នាក់ រងរបួសធ្ងន់ ។ របាយការណ៍ស្រង់ សម្តីមន្រ្តីប៉ូលីស ដោយ មានការអះ អាងជាជំហានដំបូងអោយដឹងថា គ្រោះថ្នាក់រន្ធត់លើកនេះរហូតដល់ថ្នាក់ រថយន្ត បុកគ្នា បន្តបន្ទាប់ ច្រើនដល់ទៅ ១០០ គ្រឿង អាចកើតឡើងទៅបាន បណ្តាលមកពីរថយន្ត ប៊ើស បោលបុករថយន្តមួយ គ្រឿងផ្សេងទៀត ដែលបើកនៅពីមុខ អំឡុងលក្ខខ័ណ្ឌ អាកាសធាតុ ចុះអ័ព្ទជាខ្លាំង ។
គួរបញ្ជាក់ថា ស្ពានខាងលើនេះ គឺជាតំណភ្ជាប់ ពីទីក្រុង Incheon និងទីក្រុង Seoul ទៅអាកាសយាន ដ្ឋាន លើកោះ Yongjing ។ ប្រភពដដែលបន្តអោយដឹងថា ក្រោយកើតមានឡើងនូវគ្រោះថ្នាក់លើកនេះ ស្ពានខាងលើ បានបិទជាបណ្តោះអាសន្ន នូវផ្លូវរថមួយចំនួន ។ ភ្នាក់ងារសារព័ត៌មាន The Associated Press ដកស្រង់សម្តីមន្រ្តីប៉ូលីស លោក Kim Seong-han អោយដឹងថា ក្រុម ការងារសង្គ្រោះបន្ទាន់ ពុំ ទាន់អាចមានវត្តមាន ចូលទៅដល់ រថយន្ត ខូចខាតទាំងអស់នោះ នៅ ឡើយទេ ។ ប្រតិបត្តិការជួយ សង្គ្រោះ ក៏ដូចជាស្តារនូវស្ថានការណ៍ ឡើងវិញ ត្រូវបានញ៉ាំញីដោយ ការចុះអ័ព្ទ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី