(ភ្នំពេញ)៖ លោក អៀង ស៊ីធុល ជាតារាចម្រៀងជើងចាស់ផ្នែកប្រពៃណី ល្ខោនបាសាក់ យីកេ ជាសាស្រ្តាចារ្យសិល្បៈបុរាណ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ បានជួបគ្រោះថ្នាក់ដោយចៃដន្យ ធ្លាក់ពីលើជណ្តើរបណ្តាលឲ្យរងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ជំងឺបន្ទាប់ពីរូបលោកឡើងទៅពិនិត្យដំបូលផ្ទះ ប៉ុន្តែក៏ត្រូវបានរអិលធ្លាក់ចុះមកក្រោម ធ្វើរបួសបែបនេះតែម្តង។
ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេរបង្ហោះ ដោយធ្វើកាអំពាវនាវ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «លោក អៀង ស៊ីធុល ព្រឹទ្ធាចារ្យសិល្បៈបុរាណ និងជាអតីតប្រធានសមាគមសិល្បករខ្មែរពេលនេះ មានទុក្ខលំបាកជាទំងន់ ពុំអាចដើរ ឬអង្គុយបាន និងមានអាការៈឈឺចុកចាប់ ដោយលោកក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូបុកឥលូវត្រូវគ្រោះថ្នាក់ ចៃដន្យធ្លាក់ពីលើជណ្តើរ នៅពេលលោកឡើងទៅពិនិត្យ ដំបូលនៅផ្ទះរបស់លោក »។
លោក សុះ ម៉ាច បានឲ្យដឹងទៀតថា «ដោយសារគុណបំណាច់របស់លោក ដែលកន្លងមកលោកធ្លាប់យកអំណោយ ជួយដល់អ្នកសិល្បៈក្រលំបាក ឈឺថ្កាត់របួសពិការស្លាប់ ។ល។ ដូច្នេះក្នុងនាមខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បន្តវេនពីលោក នៅថ្ងៃច័ន្ទទី២១ ខែធ្នូខាងមុខនេះ ខ្ញុំនឹងដឹកនាំក្រុមប្រឹក្សា ទៅសួរសុខទុក្ខលោកផ្ទាល់ ។ បើមានមិត្តសិល្បៈ ឬក៏មិត្តសប្បុរសជនណា ចង់ទៅចូលរួមសួរសុខទុក្ខលោក ជាមួយនោះសមាគមសិល្បៈសូមស្វាគមន៍ដោយរីករាយ»។
នៅរសៀលថ្ងៃទី១៧ ខែធ្នូ នេះKhmerTALKING មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បីសុំនាំព័ត៌មានបន្ថែមពីក្រុមគ្រួសារលោក អៀង ស៊ីធុល តាមទូរស័ព្ទបាននៅឡើយទេ ជុំវិញគ្រោះថ្នាក់ខាងលើនេះ។
សូមជម្រាបថា លោកអៀង ស៊ីធុល គឺជាតារាចម្រៀងល្ខោនបាសាក់ និងយីកេ ជើងចាស់មួយរូប ចាប់តាំងពីឆ្នាំ១៩៧៥មកម៉្លេះ ហើយបច្ចុប្បន្ននេះ លោកក៏ជាព្រឹទ្ធាចារ្យនៅសមាគមខ្មែរអមតៈ និងជាអ្នកបង្ហាត់បង្រៀនដល់ក្មេងៗនិងកុមារ ជំនាន់ក្រោយទាំងផ្នែកចម្រៀង ភ្លេងនិងរបាំងផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រសញូវអាស៊ី