ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសតូចពីររូប ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់
ពីមានការវាយប្រហារពីសំណាក់ពស់ថ្លាន់ ក្រោយពីបានរួចចេញពីទ្រុង ហាងសត្វចិញ្ចឹម
មួយកន្លែង នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស huffing-
tonpost ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងក្រុង CAMP-
BELLTON ប្រទេសកាណាដា។ ដោយឡែក ក្មេងតូចពីររូបដែលជាជនរងគ្រោះទាំងពីរនាក់
នោះ ត្រូវជាបងប្អូននឹងគ្នា (ប្អូនមានអាយុ ៥ ឆ្នាំ និងបងមានអាយុ ៧ ឆ្នាំ) ។ យ៉ាងណាមិញ
បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំក្រុងមួយនេះ លោក Julie Rogers-Marsh បាន
អះអាងអោយដឹងថាពួកគេបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់
ពស់ថ្លាន់ ដោយធ្វើការរឹត ក របស់ពួកគេទាំងពីរនាក់ ខណៈក្មេងប្រុសតូចទាំងពីរ កំពុងតែ
លង់លក់ក្នុងសុបិន្ត នៅផ្ទះមិត្តភក្កិរបស់ពួកគេ ដែលមានទីតាំងនៅចំពីលើហាងលក់សត្វ
ចិញ្ចឹមមួយនោះ។
ក្រុមមន្រ្តីប៉ូលីសបានទៅដល់កន្លែងកើតហេតុវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ដោយបាន
រកឃើញថា បងប្អូនប្រុសតូចទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ខណៈ
ពេលដែលមិត្តភក្កិរបស់គេម្នាក់ទៀត ដែលគេងនៅបន្ទប់ជាប់នោះ មិនបានទទួលរងរបួស
អ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា ពស់មួយក្បាលនោះត្រូវបានក្រុមមន្រ្តីចាប់បាន និងយកទៅរក្សាទុក
ហើយ ខណៈពេលដែល មិនទាន់មានការឆ្លើយតប ពីសំណាក់ម្ចាស់ហាងសត្វចិញ្ចឹមមួយ
កន្លែងនោះនៅឡើយទេ បើទោះជាមានការទូរស័ព្ទចូលជាច្រើនដងយ៉ាងណាក៏ដោយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost