ភ្នំពេញៈ អតីតពិធីការិនី ដែលធ្លាប់ជំពប់ និងរឿងរ៉ាវអាស្រូវ ពីមួយទៅមួយគ្មានថ្ងៃ
ស្រាកស្រាន្ត ពេជ្រ សិរីរ័ត្ន ថ្មីៗ នេះ បានធ្វើឲ្យ ទស្សនិកជន ជាច្រើន មានការភ្ញាក់
ផ្អើល ខណៈដែលនាងបាន បង្ហាញខ្លួន នៅលើឆាកប្រគំតន្រ្តីធំមួយ របស់ស្ថានីយ
ទូរទស្សន៍ ហង្សមាស នៅទីរួមខេត្តសៀមរាប។
កាលពីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ នេះ អតីតពិធីការិនី ដែលធ្លាប់ មានភាព
លេចធ្លោប្រចាំ ស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ សិរីរ័ត្ន បានធ្វើឲ្យ ទស្សនិកជន ជា
ច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេល ដែលឃើញវត្តមាន របស់នាងឈរនៅ
លើឆាកប្រគំតន្ត្រី ស្រាបៀអង្គរ ជាមួយដៃកាន់ក្បាល មេក្រូ ធ្វើជាពិធីការិនី ដោយ
ចាប់ដៃគូជាមួយ លោក ភោ សុផានិត នៅស្ថានីយទូរទស្សន៍ ហង្សមាស បានធ្វើឲ្យ
មហាជនលាន់ម៉ាត់ទាំងចម្ងល់ថា នាងវិលមកចាប់អាជីព ចាស់វិញតាំងពីពេលណា?
ហើយហេតុអី បានជាចូលមក ជ្រកក្រោមដំបូង របស់ហង្សមាសយ៉ាងដូច្នេះ?
ជួបសំណេះសំណាល ជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែមីនា
ឆ្នាំ២០១៣នេះ តារាសម្តែង ពេជ្រ សិរីរ័ត្ន បានប្រាប់ឲ្យដឹងថា នាងសុំមិននិយាយ
ឬក៏បកស្រាយពាក់ព័ន្ធ និងព័ត៌មាននេះទេ គឺចង់ឲ្យទស្សនិកជនរង់ចាំ ទស្សនាវគ្គ
បន្តព្រោះ នៅមានច្រើនទៀត។
ពិធីការិនី ពេជ្រ សិរីរ័ត្ន បានប្រាប់លាយឡំ នឹងសំណើចថា " ប្អូនដឹងទេ កាលពីមុន
ធ្លាប់មានខ្យល់ព្យុះ បោកបក់មកលើបង មិនចេះចប់មិនចេះ ហើយទាល់តែសោះ...
ដោយមាន អ្នកខ្លះនិយាយថា វាចូលសិល្បៈវិញ ដោយសារតែ អត់អីស៊ី..បានចូល
ធ្វើការ ប្តីបោះបង់ចោល លែងចិញ្ចឹមបើមិនអ៊ីចឹងទេ គឺអស់ផ្លូវដើរ រលាយមុខជំនួញ
ទើបវិលរកឆ្នាំងចាស់វិញ ។ ដូច្នេះខ្ញុំមិនចង់និយាយអ្វីទាក់ទងរឿងនេះទេ ខ្ញុំគ្រាន់តែ
ចង់ប្រាប់ថា មិនចាំបាច់ទាល់តែក្រ បានចូលធ្វើការវិញនោះទេ ពេលខ្លះធ្វើការក៏
ដើម្បីភាពសប្បាយក៏ថាបាន " ។
ជាមួយគ្នានោះដែរ តារាស្រីដែល កន្លងមកធ្លាប់ បានអះអាងក្តែងៗថា នាងមិនវិល
មក ចាប់អាជីពចាស់ ពេជ្រ សិរីរ័ត្ន បានប្រាប់ឲ្យដឹងទៀតថា តាមការពិតទៅ ចូល
សិល្បៈ គ្មានអ្វីខូចខាតទេ ហើយភាគច្រើនការងារនេះ ធ្វើឲ្យយើងសប្បាយចិត្ត
ច្រើន ដូច្នេះនាងចូលសិល្បៈ ឬក៏មិនចូលនៅលើចិត្តរបស់នាងតែប៉ុណ្ណោះ មិនមែន
ដោយសារតែហេតុផល ដែលគេលើកឡើងនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល