CamNews

ព័ត៌មានអន្តរជាតិ 

Donald Trump ប្រតិកម្ម អារឿងម៉ីស៊ីលឆ្លងទ្វីប កូរ៉េខាងជើងចង់កំទេចអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថាកូរ៉េខាងជើង នឹងមិនអាចបញ្ចប់ទាំងស្រុងនោះឡើយ នូវអាវុធនុយក្លេអ៊ែរ ដែលអាចមានសមត្ថភាពបាញ់ដល់ទឹកដី សហរដ្ឋអាមេរិក ដោយថែមទាំងអះអាងថា រឿងនេះនឹងមិនអាចកើតឡើងជាដាច់ខាត។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក ត្រាំ ផ្ទាល់មិនបានបញ្ជាក់ពីវិធានការរារាំងរបបដឹកនាំ ទីក្រុងព្យុងយ៉ាងនោះទេ ខណៈកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើងត្រូវបានគេមើលឃើញថា កាន់តែរីកចំរើនទៅមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ថ្លែងនៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានឆ្លៀតរិះគន់ទីក្រុងប៉េកាំងថា បានទាញយកផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ច ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចិនមិនចង់ជួយដោះស្រាយ រឿងកូរ៉េខាងជើង។ «ចិនបានទាញយកប្រាក់ និងធនធានដ៏ច្រើនលើសលប់ក្នុងវិស័យពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនចង់ជួយដោះស្រាយរឿងកូរ៉េខាងជើងឡើយ»។ នេះបើតាមការសរសេររៀបរាប់ របស់លោក ត្រាំ នៅលើគណនី Twitter ផ្លូវការ។



គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ខាងមុខនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាទីក្រុងព្យុងយ៉ាង បានឈានដល់ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទី្វប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់សហរដ្ឋអាមេរិក តែយ៉ាងណាបើតាមក្រុមអ្នកជំនាញមួយចំនួន កូរ៉េខាងជើងត្រូវការរយៈពេលជាច្រើនឆ្នាំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា មីស៊ីល ICBM នេះ៕



ប្រភព ៖ CNA/BBC

 


Tags: north korea south korea missile satellite