(សិង្ហបុរី)៖ ប្រទេសថៃ នៅតែមិនទាន់ផ្តល់ទំនុកចិត្តខ្ពស់ នៅឡើយទេសម្រាប់អ្នកទេសចរអន្តរជាតិ ក្រោយអំពើភេរវកម្ម បានកើតឡើងផ្ទួនៗ កាលពីឆ្នាំមុន ទើបក្រសួងការបរទេស សិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានប្រជាជនរបស់ខ្លួនទំាងអស់ ដែលចង់ធ្វើដំណើរទៅប្រទេសថៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។
ក្រសួងការបរទេសសិង្ហបុរី ក៏បានរំលឹកផងដែរ ពីទីតាំងធំដែលធ្លាប់ទទួលរងការវាយប្រហារ និងដាក់ បង្កៃគ្រាប់បែកកាលពីអំឡុងឆ្នាំ ២០១៥ ដូចជានៅស្ថានីយរថភ្លើងលើអាកាស ទីក្រុងបាងកក, ទីផ្សារពេញនិយម Chatuchak, ផ្សារកណ្តាលនៅកោះ សាមុយ, និង ជាពិសេសនោះ គឺស្តូបគោរពបូជា Erawan កណ្តាលក្រុងបាងកក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដែលបានបណ្តាលឲ្យមនុស្ស ស្លាប់២០នាក់ និងរបួសជាង១៣០នាក់ផ្សេងទៀត។
ទោះបីជាប្រទេសថៃ បានរឹតបន្តឹងផ្នែកសន្តិសុខខ្លាំង ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាក៏ដោយ ក៏អ្នកទេសចរអន្តរជាតិ ដែលនិយមមកលេងប្រទេសអាស៊ានមួយនេះ និងសូម្បីបណ្តាប្រទេស អាស៊ានគ្នាឯង ក៏នៅតែមានការព្រួយបារម្ភ ខណៈដែលអំពើភេរវកម្ម នៅបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក តែងតែកើតមានជារឿយៗ ជាពិសេសទៅលើតំបន់ប្រជុំជនតែម្តង។
រដ្ឋាភិបាលសិង្ហបុរី បានប្រាប់ឲ្យប្រជាជនខ្លួន តាមដានព័ត៌មានជាប់ជានិច្ច ជាពិសេសត្រូវមានលេខ ទំនាក់ទំនងជាមួយនឹងអាជ្ញាធរថៃ នៅតំបន់ដែលខ្លួនស្នាក់នៅ ឬកម្សាន្ត ហើយត្រូវចាត់វិធានការ ចាំបាច់បំផុត ដែលខ្លួនអាចធ្វើការដើម្បីរក្សាអាយុជីវិត ក្នុងស្ថានភាពអាសន្នណាមួយ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង