(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់ បឹងកេតអង្គរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ BTV Cup 2016 នៅលើទឹកដីប្រទេសវៀតណាមនាដើមខែក្រោយហើយ ប៉ុន្ដែមុនចេញពីទឹកដីកម្ពុជា ក្រុមបាល់ទាត់តំណាងឲ្យប្រទេសកម្ពុជានេះ ត្រូវឈប់សម្រាក និងបោះជំរុំហ្វឹកហាត់១ថ្ងៃ នៅខេត្តស្វាយរៀងសិន មុននឹងបន្ដដំណើរនៅថ្ងៃស្អែក។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលភាគីវៀតណាមអញ្ជើញក្លឹបបាល់ទាត់កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដោយក្រុមបឹងកេតអង្គរ ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ២ក្រុម និងក្រុមមកពីសាធារណរដ្ឋកូរ៉េ ១ក្រុម ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃទី២-៦ ខែធ្នូខាងមុខនេះ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល ប៉ុន្ដែបើសិនបឹងកេតឡើងវគ្គបន្ដ គឺត្រូវបន្ដការប្រកួតទៀត។
លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកពាន BTV Cup 2016 គឺជាការប្រកួតប្រជែងដ៏សំខាន់ ដើម្បីពង្រឹកសមត្ថភាពក្រុមឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ TOYOTA Mekong Cup 2016 នាចុងឆ្នាំនេះ។
ដូច្នេះលោកនឹងប្រើប្រាស់ធនធានកីឡាករល្អទាំងថ្មី និងចាស់ឲ្យអស់គ្មានការលាក់ជើងឡើយ ក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែលោកមិនទាន់ប៉ងលើកពាន BTV Cup នេះនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង