CamNews

ព័ត៌មានអន្តរជាតិ 

ដំណឹងអាក្រក់សំរាប់អឺរ៉ុប! យានរុករក «ExoMars Rover» បានបាត់សញ្ញាទាក់ទងមកផែនដីភ្លាមៗ បន្ទាប់ពីចុះចតលើ

(វិទ្យាសាស្រ្ត)៖ ភ្នាក់ងារអវកាសអឺរ៉ុប ESA បាននិយាយថា ក្រុមអ្នកវិទ្យាសាស្រ្តលែងបានទទួល សញ្ញាទំនាក់ទំនងជាមួយនឹងយានអវកាស «ExoMars Rover» ឬ «Schiaparelli» ទៅហើយ បន្ទាប់ពីវាបានធ្វើការចុះចតនៅលើផ្ទៃដីរបស់ភពព្រះអង្គារបានមួយនាទី នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលាឆ្នាំ ២០១៦នេះ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space នៅមុននេះបន្តិច។

អ្នកគ្រប់គ្រងបេសកកម្មនៃភ្នាក់ងារអវកាសអឺរ៉ុប បាននិយាយនៅព្រឹកនេះថា «ពួកយើងត្រូវចំណាយពេល បន្ថែមទៀតដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីបញ្ហា និងស្ថានការណ៍​ដែលបានកើត​ឡើងចំពោះយានរុករុក និងស្រាវជ្រាវ ExoMars Rover ដែលបណ្តាលឲ្យមានការផ្តាច់សញ្ញាទាក់ទងមកផែនដី បន្ទាប់ពីវាបានធ្វើការចុះចតនៅលើផ្ទៃដីរបស់ភពអង្គារ ក្នុងរយៈមិនដល់មួយនាទីក្រោយនោះ»

ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសអឺរ៉ុប ESA នៅតែមានសង្ឃឹម នឹងជឿជាក់យ៉ាងមុតមាំដោយយានអវកាស ExoMars Rover អាចធ្វើការចុតចតយ៉ាង​មានសុវត្ថិភាព ព្រមទាំងអាចធ្វើការប្រមូលទិន្នន័យបានគ្រប់គ្រាន់ នៅក្នុងកិច្ចការស្រាវជ្រាវជាលើកដំបូងនេះ។

គួរបញ្ជាក់ដែរថា យានអវកាសរុករកភពអង្គារ «ExoMars Rover» របស់ភ្នាក់ងារអវកាសអឺរ៉ុប ESA បានចុះចតនៅលើផ្ទៃរបស់ភពអង្គារនៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១០៖៤៨ នាទីព្រឹក តាមវេលាដែលក្រុមអ្នកវិទ្យាសាស្រ្តបានគ្រោងទុក។ ដោយឡែកបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែរង់ចាំ សញ្ញាពីយានអវកាស «ExoMars Rover» ដោយមិនអាចបញ្ជាក់បានទេថា យានមួយនេះបានធ្វើការចុះចតដោយជោគជ័យដែរឬក៏អត់នោះ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: ExoMars