CamNews

តារា 

មាន សូនីតា ប្រកាសដកខ្លួនចេញពីកម្មវិធី សប្បុរសធម៌ស្វែងរកថវិកាជួយមន្ទីរពេទ្យ «គន្ធបុប្ផា»យ៉ាងតក់ក្រហល់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍​ប្រគំតន្ត្រី និងកម្មវិធីបង្ហាញមុខតារាល្បី លើកំរាលព្រំ​នៅសាកលវិទ្យាល័យន័រតុន ​រៀបចំឡើងដោយ​​សាកលវិទ្យាល័យ និងក្រុមគ្រួសារតារាកម្ពុជា កាន់តែខិតជិតចូលមកដល់ ពោលគឺនៅសល់តែ៩ថ្ងៃទៀតទេប៉ុណ្ណោះ ខណៈដែលកម្មវិធីទាំងមូល ត្រូវបានគេដឹងថា ពោរពេញទៅដោយ តារាល្បីៗលំដាប់ប្រទេសជិត៣០ដួង ចូលរួម ហើយមានគោលបំណងធំ គឺរកលុយជួយមន្ទីរ​​ពេទ្យគន្ធបុប្ផា ដែលកំពុងតែខ្វះខាតថវិកា ដើម្បីព្យាបាលកុមារ នៅកម្ពុជា។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺតារាសម្ដែង មាន សូនីតា បានប្រកាសដកខ្លួនចេញពីកម្មវិធីនេះ យ៉ាងប្រញាប់ប្រញាល គួរឲ្យភ្ញាក់ផ្អើល។

ក្រៅពីតារាចម្រៀងល្បីៗ មានដូចជា កញ្ញា សុខ ពិសី​,កញ្ញា ទេព បូព្រឹក្ស និង​លោក សុគន្ធ ថេរ៉ាយុ ក៏មានតារាសម្ដែងល្បីៗ ជាច្រើនមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា,កញ្ញា ទឹម រដ្ឋា, អ្នកនាង សារាយ សក្ខណា, កញ្ញា ថន លក្ខិណា ហើយតារាស្រីដែលគេហៅថា រាជនីក្រមា កញ្ញា មាន សូនីតា ក៏មានមុខក្នុងកម្មវិធីដ៏ធំ​មួយនេះដែរ ប៉ុន្តែនាងបាន​ប្រកាស​ដកខ្លួនចេញវិញ។

ស្របពេលដែលកម្មវិធីនេះ គ្រោងនឹងធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ខាងមុខនេះ ស្រាប់តែមានព័ត៌មានថា តារាស្រី មាន សូនីតា បានដកខ្លួនចេញ​ពីកម្មវិធី​វិញហើយ ខណៈដែលនិស្សិត សាលាន័រតុនជាច្រើនពាន់នាក់ ទន្ទឹងរងចាំមើលវត្តមាននាង លើព្រំដ៏អស្ចារ្យ នៅសាលកវិទ្យសាកលវិទ្យាល័យរបស់ពួកគេ។

កញ្ញា មាន សូនីតា បានថ្លែងប្រាប់ Khmertalking ថាជារឿងគួរឲ្យសោកស្ដាយ ដែលនាងត្រូវបានដកខ្លួន យ៉ាងប្រញាប់ប្រញាលបែបនេះ ព្រោះនាងមានភារកិច្ច ត្រូវប្រឡងនៅសាលាបញ្ញាសាស្ត្រ ចំថ្ងៃដែលធ្វើកម្មវិធីតែម្ដង ហើយពិបាកក្នុងការចេញមកចូលរួមកម្មវិធី ដែលមានរយៈពេលយូរម៉ោង ជាពិសេសគឺការតុបតែងខ្លួន។ អ្នករៀបចំកម្មវិធីបានស្នើ​ ត្រឹមតែដើរមួយភ្លែតរួចត្រឡប់មកវិញក៏បាន ប៉ុន្តែនាងនិយាយថា ពិបាកណាស់ ព្រោះនាងជាស្រី ត្រូវការតុបតែងច្រើន បើធ្វើរួចៗតែពីដៃ នាងមិនអាចធ្វើទៅបានទេ នាងពិតជាមានអារម្មណ៍សោកស្ដាយណាស់ ព្រោះខានដើរម៉ូដបែបបហ្នឹងយូរដើរហើយ

មាន សូនីតា ក៏សុំទោសដល់អ្នកគាំទ្ររូបនាងផងដែរ ព្រោះ​ត្រូវបានអាក់ខាន មិនបានចូលរួម​។ យ៉ាងណា​មិញ ​ទោះបី កញ្ញា មាន សូនីតា មិនបានចូលរួម ក្នុងកម្មវិធីដ៏ធំនេះ ក៏មានតារាផ្សេងៗជាច្រើនទៀត ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម​បង្កើតកម្មវិធីសប្បាយៗ។ តែយ៉ាងណា ការសិក្សាសម្រាប់ មាន សូនីតា ពិតជាសំខាន់មិនធម្មតា ព្រោះនេះជាឆ្នាំបញ្ចប់របស់នាង ​ត្រូវប្រឹងប្រែង ដើម្បីអនាគតខ្លួន​ឯង។ ម្យ៉ាងកុំឲ្យគេរិះគន់ថា អ្នកសិល្បៈខ្មែរមានសមត្ថភាព តែខ្វះចំណេះដឹង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Mean sonita