បើទោះជាមិនបានចូលរួមក្នុងការហាត់ប្រាណនៅមជ្ឈមណ្ឌលកាយវប្បកម្មសម្រាប់សត្វ ប៉ុន្ដែ គោខៀវរបស់ប្រទេស បែលហ្សិក (Belgian Blue cow) នៅតែមានសាច់ដុំកង់ៗ ដូចជាកីឡាករកាយវប្បកម្ម ឬខ្លាំងជាងនេះទៀតផង។
ការដែលមានសាច់ដុំកង់ៗដូចទៅនឹងសាច់ដុំរបស់គោនៅ បែលហ្សិក ប្រហែលជាក្ដីស្រមៃរបស់បុរសមួយចំនួន។
គោខៀវ គឺជាពូជគោដែលមានប្រភពមកពីប្រទេស បែលហ្សិក។ នេះគឺជាប្រភេទគោបង្កាត់ពូជ ដែលមានសាច់ដុំរីកចម្រើនខ្លាំង ពិសេសគឺសាច់ដុំនៅត្រង់គូទ។ គោឈ្មូល អាចមានទម្ងន់ចាប់ពី ៨០០ ដល់ ១,១០០គីឡូក្រាម ចំណែកគោញីវិញ ទម្ងន់ចាប់ពី ៦០០ ដល់ ៧០០គីឡូក្រាម។
ធៀបទៅនឹងពូជគោផ្សេងៗ គោខៀវរបស់ បែលហ្សិក មានសាច់ដុំរីកចម្រើនខ្លាំងជាងដល់ទៅ ៤០% ។ ក្រៅពីនេះ វាក៏ឆាប់ធំ និងផលិតទឹកដោះដែលសម្បូរដោយប្រូតេអ៊ីន។
បើទោះជាមានរូបរាង និងសាច់ដុំដែលគួរឱ្យបុរសទាំងច្រណែន ប៉ុន្ដែប្រសិនវារីកចម្រើនខ្លាំងពេក វានឹងមានជម្ងឺផ្នែកសាច់ដុំមិនខាន។
គេបានដឹងថា មូលហេតុដែលគោប្រភេទនេះ ត្រូវបានគេហៅថា គោខៀវ (Belgian Blue cattle) គឺដោយសារតែរោមរបស់វា មានពណ៌ខៀវប្រផេះ។ ប៉ុន្ដែ ជាក់ស្ដែង រោមរបស់ពួកវាក៏មានច្រើនពណ៌ តាំងពីពណ៌ស ដល់ពណ៌ខ្មៅ។
ដោយ ៖ តារា
ប្រភព ៖ k14