នៅភាគខាងត្បូងនៃប្រទេស Ethiopia ត្រើយខាងលិចរបស់ទន្លេ Omo នៅមានកុលសម្ព័ន្ធមួយដែលមានចំណូលចិត្តចម្លែកដ៏គួរឱ្យខ្លាច នោះគឺការផឹកឈាមស្រស់។
កុលសម្ព័ន្ធនេះ មានឈ្មោះថា Surma ឬអ្នកខ្លះហៅថា Suri ។ កុលសម្ព័ន្ធមួយនេះ នៅតែរក្សាការយល់ឃើញតាមបុរាណ គឺបុរសគឺជាមេគ្រួសារ។ ពួកគេរស់នៅ និងចិញ្ចឹមជីវិត ដោយការដាំដុះ ចិញ្ចឹមសត្វ។
ក្នុងបណ្ដាទំនៀមទម្លាប់បុរាណចម្លែកៗរបស់កុលសម្ព័ន្ធនេះ គេឃើញមានទម្លាប់ផឹកឈាមស្រស់ ក៏ត្រូវបានគេចូលចិត្ត និងរក្សាមកដល់បច្ចុប្បន្ន។ ពួកគេចូលចិត្តផឹកឈាមគោស្រស់ មិនមែនផ្អែកទៅលើតែអបិយជំនឿទាំងស្រុងនោះទេ ប៉ុន្ដែក៏ជាចំណូលចិត្ត និងជាវិធីដើម្បីបង្កើនកម្លាំង សម្រាប់យុទ្ធជន និងមនុស្សក្នុងកុលសម្ព័ន្ធ។
បណ្ដាបុរសក្នុងកុលសម្ព័ន្ធ Surma តែងជ្រើសរើសគោមួយក្បាលដែលមានកម្លាំងខ្លាំងក្លា ដើម្បីយកឈាម។ ពួកគេប្រើធ្នូ បាញ់ចំករបស់គោ រួចយកផ្ដិលមកត្រងយកឈាមដែលកំពុងបាញ់ចេញក្រហមឆ្អៅ។ ចំណែកផ្ដិល ឬរបស់សម្រាប់ត្រងឈាមគោ មិនត្រូវបានលាងដោយទឹកស្អាតនោះទេ ប៉ុន្ដែពួកគេ យកទឹកនោមគោមកលាង ដោយសារយល់ថា ទឹកនោមគោ គឺជារបស់ស្អាតបំផុត បរិសុទ្ធបំផុត។
បន្ទាប់ពីបានប្រើធ្នូ បាញ់កគោ និងបានយកឈាមប្រហែល ២លីត្រ ពួកគេយកដីឥដ្ឋមកបិទរបួសឱ្យគោនោះ ដើម្បីឃាត់ឈាម ក្នុងបំណងរក្សាជីវិតរបស់វា។ នៅក្នុងពិធីជប់លៀងឈាមស្រស់នោះ ព្រឹធាចារ្យក្នុងកុលសម្ព័ន្ធនឹងជាអ្នកផឹកឈាមនោះមុនគេ បន្ទាប់មក គឺអ្នកមានអាយុច្រើន រួចដល់វេនអ្នកពេញវ័យ ។
សម្រាប់កុលសម្ព័ន្ធ Surma គោត្រូវបានគេចាត់ទុកថា មានអត្ថន័យផ្នែកជំនឿយ៉ាងសំខាន់។ ដូច្នេះ ប្រសិនមិនមែនជាពិធីពិសេស ដូចជាពិធីបូជាយញ្ញនោះទេ ពួកគេនឹងមិនសម្លាប់សត្វគោឡើយ។ គោលបំណងនៃការចិញ្ចឹមសត្វគោរបស់ពួកគេ មិនមែនដើម្បីយកសាច់ ឬទឹកដោះនោះដែរ គឺដើម្បីយកឈាម។ គោគឺជានិមិត្តរូបឱ្យសង្គមរបស់ Surma ។ បុរស Surma ក៏បង្ហាញអំណាចរបស់ខ្លួន តាមរយៈចំនួនគោដែលពួកគេកំពុងចិញ្ចឹម។
នៅពេលមានអាយុ ៨ឆ្នាំ បុរសក្នុងកុលសម្ព័ន្ធ Surma ចាប់ផ្ដើមចិញ្ចឹមគោ ហើយពួកគេនឹងមានសិទ្ធិយកប្រពន្ធ លុះណាតែមានគោយ៉ាងតិច ៦០ក្បាល។ បន្ទាប់ពីយកប្រពន្ធ គោទាំងនោះនឹងក្លាយជារបស់ខាងប្រពន្ធ ដូច្នេះ មួយជីវិតរបស់បុរស Surma គឺតែងផ្សារភ្ជាប់នឹងការឃ្លាលគោ។
កាលពីបុរណ នៅពេលចេញច្បាំងជាមួយសត្រូវ បុរស Surma ក៏នាំគ្នាប្រារព្ធពិធីផឹកឈាម ដើម្បីបង្កើនភាពក្លាហាន ហើយវាក៏ជាពិធីបួងសួង សូមជ័យជំនះផងដែរ។ បច្ចុប្បន្ន ពួកគេនៅតែរក្សាទម្លាប់ផឹកឈាម ក្នុងន័យដូចខាងលើ។ ក្រៅពីការបង្កើនភាពក្លាហាន ឈាមគោស្រស់ ក៏ត្រូវគេចាត់ទុកជាភេសជ្ជៈ សម្រាប់បំបាត់ការស្រេចទឹក។ អ្នកណាដែលមានសុខភាពចុះខ្សោយ គឺត្រូវតែផឹកឈាមគោឱ្យបានច្រើន។
នៅក្នុងការយល់ឃើញរបស់កុលសម្ព័ន្ធដទៃ Surma គឺជាក្រុមមនុស្សស្រេចឈាម។ នៅពេលបានឃើញទិដ្ឋភាពបុរស និងស្ដ្រីកុលសម្ព័ន្ធ Surma កាន់កាំបិត ធ្នូ ជាដើម ហើយបច្ចុប្បន្ន ពួកគេងាកមកកាន់កាំភ្លើងជាប់ក្នុងដៃ យើងក៏អាចយល់បានថា ពួកគេជាមនុស្សក្លាហាន ចូលចិត្តចម្បាំង។
ដោយ ៖ តារា
ប្រភព ៖ CL/ omovalley