CamNews

ព័ត៌មានជាតិ 

ព្រោះតែខឹងប្តីដើរលេងក្រៅផ្ទះ មានស្រីញី ស្ត្រីជាប្រពន្ធប្រឌិតរឿងចោរប្លន់ ធ្វើឲ្យនគរបាលឈឺក្បាល២ថ្ងៃ

(កំពត)៖ ក្រោយពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បើកការស៉ើបអង្កេត ស្រាវជ្រាវ អស់រយៈពេល២ថ្ងៃ លើករណីក្រុមចោរប្លន់ប្រដាប់អាវុធ ដោយយោងតាមចម្លើយសារភាព របស់ម្ចាស់ផ្ទះ រហូតមកដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះឃើញថា ករណីប្លន់ ដែលបានកើតឡើង កាលពីម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះស្ត្រីជាជនរងគ្រោះ ឈ្មោះ អ៉ីន ស្រីមុំ អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត នោះវាជារឿងបំភ្លៃការពិត។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពត បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះថា តាមពិតស្ត្រីរូបនេះ បានខឹងនឹងប្តីរបស់ខ្លួន ដើរលេងច្រើនពេក និងមានស្រី មានញី នៅខាងក្រៅផងទើបខ្លួន ប្រឌិតរឿងចោរប្លន់ប្រដាប់អាវុធនេះឡើង ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ចុងក្រោយខ្សែកមាស ខ្សែដៃផ្លាកទីន និងលុយ ដែលប្រឌិតថាចោរប្លន់យកទៅនោះ ត្រូវបានស្ត្រីរូបនេះ បានយកមកបង្ហាញដល់កម្លាំង សមត្ថកិច្ចស្រាវជ្រាវខាងលើរួចហើយ នៅរសៀលថ្ងៃទី១០ ខែធ្នូនេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ


Tags: Cambodia Social News Kampot