(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United ត្រៀមជើងរួចរាល់ក្នុងការសងសឹកក្រុមមេឃខៀវ Manchester City រាត្រីនេះក្នុងពានរង្វាន់ទី៣ អង់គ្លេស Capital One Cup (League Cup) ដើម្បីឡើងទៅវគ្គ៨ក្រុម ចុងក្រោយ គ្រាដែល Liverpool បានឡើងទៅឈរចាំមុនហើយនោះ។
Man Utd បានបរាជ័យក្នុងលទ្ធផល ២-១ ក្នុងជើងទី១ នៃ Premier League កាលពីពេលថ្មីៗនេះ នៅពហុកីឡដ្ឋាន Old Trafford ហើយក៏ជាក្រុមដែលទើបតែបរាជ័យធ្ងន់ធ្ងរ ៤-០ ក្រោមថ្វីជើងរបស់ Chelsea ផងដែរកាលពីសប្តាហ៍ មុននេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ដែលធ្វើឲ្យការប្រកួតក្នុងវគ្គ១៦ក្រុមនៃ League Cup រាត្រីនេះរឹតតែស្វិតស្វាញខ្លាំងឡើង។
Man Utd ជាក្រុមមួយលេងដ៏រឹងមាំក្នុងទឹកដី ដោយទើបតែចាញ់១ប្រកួតនៅឡើយទេក្នុងរដូវកាលថ្មីនេះ ក្នុងចំណោម ៦ប្រកួតនៅពហុកីឡដ្ឋាន Old Trafford គឺក្រោមថ្វីជើងរបស់ Man City ២-១ នោះឯង ក្រៅពីស្មើ១ដង និងឈ្នះដល់ ទៅ៤ដង។
ងាកទៅមើល Man City វិញ ប៉ុន្មានប្រកួតចុងក្រោយនេះលេងមិនបានល្អសោះ ពោលគឺកីឡាករខ្សែប្រយុទ្ធជនជាតិ អាហ្សង់ទីន Sergio Aguero កំពុងលេងធ្លាក់ជើង និង Kevin De Bruyne កំពុងមានរបួសទៀត ដូច្នេះវារឹតតែជាឱកាសច្រើនសម្រាប់ Man Utd ធ្វើការសងសឹកវិញហើយរាត្រីម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ស្របពេលដែល Southampton ស្វាគមន៍ Sunderland និង West Ham United ទទួលភ្ញៀវ Chelsea នាម៉ោង ១៖៤៥នាទីយប់នេះដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង