(ប៉ារីស)៖ ក្រុមបាល់ទាត់ AS Monaco ត្រូវការ៣ពិន្ទុទឹកដី ពេលជួបក្រុម CSKA Moscow របស់រុស្ស៊ីម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នៃជើងទី២ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ស្របពេលដែល Bayer Leverkusen ប៉ះក្រុមម្ចាស់ផ្ទះ Tottenham Hotspur របស់អង់គ្លេស។
Monaco របស់បារាំង កំពុងនាំមុខកំពូលតារាងបណ្តោះអាសន្នប្រចាំពូល E ក្រោយឆ្លងកាត់៣ប្រកួតសន្សំពិន្ទុ ឈ្នះ១ និងស្មើ២ដង មិនដែលចាញ់ ហើយក៏រកបាន១ពិន្ទុផងដែរ កាលពីជើងទី១ ក្នុងទឹកដី CSKA Moscow ក្រៅពីស្មើ Bayer Leverkusen ១-១ ក្នុងទឹកដី និងឈ្នះ Spurs ២-១ កាលពីថ្ងៃបើកឆាកពូល E។
ដូច្នេះ៣ពិន្ទុនារាត្រីនេះ សំខាន់ខ្លាំងណាស់សម្រាប់ Monaco ដែលមានកីឡាករជើងខ្លាំង Radamel Falcao ដែលជា អតីតកីឡាករលេខ១ ប្រចាំក្លឹប Atletico Madrid របស់ប្រទេសអេស្ប៉ាញ ដើម្បីធានាបានកៅអីវគ្គ១៦ក្រុមនៃ Champions ដោយមានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀក គឺ Monaco លេខ១ កំពូលតារាងមាន ៥ពិន្ទុ Tottenham Hotspur លេខ២ មាន៤ពិន្ទុ Bayer Leverkusen របស់អាល្លឺម៉ង់ លេខ៣ មាន៣ពិន្ទុ និងក្រុមបាតតារាង CSKA Moscow មាន២ពិន្ទុ៕
រូបភាពកាលជួបគ្នាក្នុងជើងទី១ ឆ្នាំ២០១៦
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង