CamNews

ព័ត៌មានជាតិ 

ប្តីកំហូចប្រពន្ធចងការប្រាក់ យកលុយទិញរថយន្តឲ្យដឹកទំនិញ បែរជាមិនចូលផ្ទះរាប់ឆ្នាំ

(បន្ទាយមានជ័យ)៖ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ ពីបទរំលោភសេចក្តីទុកចិត្ត ហើយបញ្ជូនខ្លួនទៅកាត់តុលាការ ដើម្បីវិនិច្ឆ័យទោស បន្ទាប់ពីបុរសជាប្តីរូបនោះ គេចវេសមិនចូលផ្ទះ ចាប់តាំងពីប្រពន្ធទិញរថយន្តឲ្យរួចមក។

មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងថា ស្ត្រីជាប្រពន្ធនោះ មានឈ្មោះ មាស ចិន្តា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើប្តឹងចោទប្រកាន់ទៅលើបុរសជាប្តី ឈ្មោះ ញឹម សុវណ្ណរិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ពីបទរំលោភលើសេចក្ដីទុក្ខចិត្តជាមួយដៃគូស្នេហា។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បើតាមសំដីរបស់ជនរងគ្រោះ នៅឆ្នាំ២០១៣ ឈ្មោះ ញឹម សុវណ្ណរិទ្ធី មានទំនាក់ទំនងសេ្នហាជាមួយនឹងខ្លួន ហើយក៏បានរៀបចំសែនព្រេន ទៅតាមប្រពៃណីខ្មែរ បានគ្នាជាប្តីប្រពន្ធ។ ក្រោយមកទៀត ដោយសារស្រឡាញ់ប្តីពេក ជនរងគ្រោះបានចងការលុយគេ ទៅទិញរថយន្តដឹកទំនិញមួយគ្រឿង ដើម្បី ប្រកបមុខរបររកស៊ី ចាប់ពីពេលនោះមកឈ្មោះ ញឹម សុវណ្ណរិទ្ធី មិនដែលចូលផ្ទះទេ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា ថ្ងៃមួយប្តីខ្លួនបានចូលផ្ទះ ដោយឈប់ជឿទុក្ខចិត្ត លើប្តីកំហូចប្រពន្ធ ក៏បានទាមទាយកឯកសារ និងរថយន្តមកគ្រប់គ្រងខ្លួនវិញម្តង ព្រោះសំអាងថា រថយន្តនេះខ្លួនបានចងការប្រាក់គេមកទិញ តែប្តីកំហូចនេះមិនព្រមឲ្យ បានធ្វើការអះអាងថា រថយន្តនេះដាក់ឈ្មោះរបស់គេ។

ប្រពន្ធបានបញ្ជាក់ទៀតថា មើលទៅប្តីកំហូចចង់បោកប្រាស់គាត់ យករថយន្តទៅលក់យកលុយចាយម្នាក់ឯង ក៏បានរត់ទៅដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថតែម្តង។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទបញ្ជាក់ទៀតថា លុះនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ កំលាំងបានចុះឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ  យកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

បើតាមចម្លើយសារភាព របស់ឈ្មោះ ញឹម សុវណ្ណរិទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើខុស ដូចការចោទប្រកាន់របស់ឈ្មោះ មាស ចិន្តា ពិតប្រាកដមែន។
ជនសង្ស័យត្រូវបានអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Banteaymeanchey