CamNews

ព័ត៌មានជាតិ 

មន្រ្តីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន បដិសេធយកលុយធីបពីជនជាតិចិន, មានមន្រ្តីនៅអង្គភាពផ្សេង

(ភ្នំពេញ)៖ ក្រោយបញ្ចេញប្រតិកម្មរបស់មន្រ្តីស្ថានទូតចិន ប្រចាំនៅកម្ពុជា អំពីករណីថា មានមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទារលុយធីបពី ជនជាតិចិនរបស់ខ្លួន នៅពេលធ្វើដំណើរឆ្លងនោះ នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះ មន្រ្តីនគរបាលអន្តោប្រវេសន៍មួយរូប សូមមិនបញ្ចេញឈ្មោះ ដែលបម្រើកាងារ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានចេញមកបដិសេធ និងអះអាងថា អាចមន្រ្តីនៅអង្គភាពផ្សេងជាអ្នកយក។

មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានក្រុមមន្រ្តីជាច្រើនស្ថាប័ន ដែលបម្រើការងារ នៅទីនោះ រួមមាន ក្រុមនគរបាលអន្តោប្រវេសន៍ ក្រុមមន្រ្តីនគរបាលតម្រួតបទបញ្ជា ក្រុមមន្រ្តីគយ ក្រុមមន្រ្តីខាងលិខិតឆ្លងដែន និងក្រុមសន្តិសុខក្រុមហ៊ុនឯកជនជាដើម។

សម្រាប់ក្រុមមន្រ្តីនគរបាលអន្តោប្រវេសន៍របស់ខ្លួន ត្រូវបានមន្រ្តីរូបនេះអះអាងថា ក្រុមរបស់ខ្លួនមានការប្រយ័ត្នយ៉ាងខ្លាំងចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយ ដោយគោរពបទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការ និងនាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ យ៉ាងម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណា មិនឲ្យមានការ ប៉ះអារម្មណ៍ភ្ញៀវនោះឡើយ ទាំងជាតិ និងអន្តរជាតិ នៅពេលឆ្លងកាត់ម្តងៗ។

ជាក់ស្តែង កន្លងទៅក៏មានការបញ្ឈប់មន្រ្តីនគរបាលខ្លះផងដែរ នៅពេលដែលប្រព្រឹត្តសកម្មភាព មិនប្រក្រតីណាមួយនោះ។ សូមបញ្ជាក់ថា ប្រតិកម្មរបស់ស្ថានទូតចិននៅកម្ពុជា ខាងលើនេះ បានកើតមានឡើង ក្រោយពេលដែលជនជាតិចិនម្នាក់ បានបង្ហោះខ្លឹមសារ និងរូបថតមន្រ្តី៣នាក់ នៅក្នុង បណ្តាញសង្គម Facebook របស់ខ្លួនមានឈ្មោះថា Leo Wang។

សម្រាប់មន្រ្តីទាំង៣នាក់ ដែលជនជាតិចិនរូបនោះយកមកបង្ហោះ ហើយបានធ្វើការ ចោទប្រកាន់ថា បានទារលុយពីខ្លួនរួមមាន មន្រ្តីនគរបាលតម្រួតបទបញ្ជាម្នាក់ មន្រ្តីគយម្នាក់ និងសន្តិសុខឯកជនរបស់ក្រុមហ៊ុន MPA ម្នាក់ផងដែរ។

បុរសជនជាតិចិន រូបនេះ បានសរសេរថា «មនុស្ស៣នាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកំពុងតែល្បីឈ្មោះ នៅលើគេហទំព័រចិន ហើយឥឡូវ... ពួកគេ៣នាក់ បានទារទឹកតែថ្លៃកញ្ចប់ពិនិត្យ ចំនួន១០ដុល្លារពីគាត់ ពួកគេបានស្រែកថា ថតស្អី? លុបរូបចេញភ្លាមហុចទូរស័ព្ទមកនេះ...»។

សូមបញ្ជាក់ថា ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញមកប្រតិកម្ម និងធ្វើសន្និសីទកាសែតមួយនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយចោទថា មន្រ្តីនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោះយកលុយក្រៅផ្លូវការពីភ្ញៀវជនជាតិចិន ដែលឆ្លងកាត់ ខណៈមានពាក្យបណ្តឹងពី ពលរដ្ឋខ្លួនជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះភ្នំពេញកន្លងមក និងចុងក្រោយគឺព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះក៏មានពាណិជ្ជករ ចិនម្នាក់ចេញមកលាតត្រដាង ពីការយកលុយនេះផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP