ភ្នំពេញ ៖ ក្រសួងអប់រំបានដាក់ពិន័យគ្រូបង្រៀនមួយរូប នៅសាលាបឋមសិក្សាមួយក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ បន្ទាប់ពីវីដេអូដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ពេលដែលគាត់កំពុងប្រមូលប្រាក់ពីសិស្ស ដើម្បីបន្ថែមលើប្រាក់ចំណូលរបស់គាត់បានត្រូវគេចែកចាយលើប្រព័ទ្ធសង្គមមួយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃសុក្របាននិយាយថា យើងបានចាប់ផ្តើមការស៊ើបអង្កេតមួយក្រោយពីបានមើលវីដេអូដែលបង្ហាញពី ស្ត្រីដែលប្រមូលប្រាក់ពីសិស្សនៅក្នុងថ្នាក់រៀននៅសាលាបឋមសិក្សា ភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យII ។
ការស៊ើបអង្កេតបានបង្ហាញថា គ្រូបង្រៀនបានប្រមូលប្រាក់ពីសិស្ស ហើយបន្ទាប់មកគាត់ក៏បានទទួលស្គាល់ជាលាយលក្ខណ៍អក្សរថា គាត់ពិតជាបានធ្វើដូច្នេះមែន។
ការស៊ើបអង្កេតបានបន្ថែមថា ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់សាលា និងលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ក្រសួងបានផ្ទេរគាត់ឱ្យទៅធ្វើការងារការិយាល័យនៅក្នុងសាលាវិញហើយ ជាជំនួសសាលាបានតែងតាំងគ្រូម្នាក់ទៀតដើម្បីបង្រៀនថ្នាក់របស់គាត់។
ក្រសួងក៏បានណែនាំនាយកដ្ឋានអប់រំខណ្ឌ ឲ្យនាយកសាលារៀបចំកិច្ចប្រជុំជាមួយគ្រូទាំងអស់ ហើយរំលឹកគ្រូបង្រៀនកុំឲ្យធ្វើសកម្មភាពផ្ទុយពីវិជ្ជាជីវៈដូចជាការប្រមូលលុយពីសិស្ស ឬពួកគេប្រឈមនឹងការដាក់ពិន័យ។
បន្ទាប់ពីវីដេអូនេះបានរីករាលដាល អ្នកប្រើហ្វេសប៊ុកបានរិះគន់សកម្មភាពរបស់គ្រូបង្រៀន ដោយនិយាយថាគាត់កំពុងបង្ហាញគំរូអាក្រក់ដល់សិស្សរបស់គាត់ដោយអំពើពុករលួយ។
លោកស្រី ស៊ិន សាវត្ថា ជាអាណាព្យាបាលសិស្សដែលរស់នៅក្នុងរាជធានីភ្នំពេញ បាននិយាយថាគ្រូបង្រៀនមិនគួរប្រមូលប្រាក់ក្នុងថ្នាក់ទេ ព្រោះវានឹងប៉ះពាល់ដល់ការអប់រំសីលធម៌សិស្ស។
លោកស្រីបានបន្ថែមថា ពួកគេជាក្មេងដែលជួនកាលឪពុកម្តាយបានឲ្យលុយបន្តិចបន្តួចសម្រាប់ពួកគេទិញចំណីញ៊ំាក្នុងសាលា។
លោកស្រី សាវត្ថា បានមានប្រសាសន៍ថា ”ទោះបីគ្រូមួយចំនួននៅតែប្រមូលប្រាក់ពីសិស្សក៏ដោយ ក៏មានគ្រូផ្សេងទៀតដែលល្អដែរ” ។ ”ខ្ញុំអំពាវនាវសូមឲ្យក្រសួងលុបបំបាត់សកម្មភាពនេះ” ។
លោក អ៊ុក ឆាយយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានថ្លែងកាលពីម្សិលមិញថា បន្ទាប់ពីការបង្ក្រាបរបស់ក្រសួងអប់រំយុវជន គ្រូបង្រៀនជាច្រើនបានបញ្ឈប់ការប្រមូលលុយពីសិស្ស ប៉ុន្តែមានចំនួនតិចតួចដែលនៅតែធ្វើដូច្នេះ។
គ្រូខ្លះប្រមូលប្រាក់ពី ៥០០ រៀលទៅ ១០០០ រៀល ពីសិស្ស ព្រោះប្រាក់ខែគ្រូបង្រៀននៅតិច មិនគ្រប់សម្រាប់ការចំណាយប្រចាំខែរបស់ពួកគាត់។ យើងសូមអំពាវនាវឲ្យក្រសួងលុបបំបាត់ចោលសកម្មភាពខ្វះវិជ្ជាជីវៈនេះឲ្យអស់»។
លោកស្រី ឆាយវី បានកត់សម្គាល់ថា គ្រូខ្លះមិនយកប្រាក់ពីសិស្សជាប្រចាំថ្ងៃទេ តែប្រមូលប្រាក់ប្រចាំខែពីឪពុកម្តាយសិស្សវិញ។
នៅក្នុងកិច្ចសម្ភាសមួយកាលពីខែធ្នូ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងថា ក្រសួងនឹងចំណាយថវិកា ៨០ ភាគរយនៅឆ្នាំនេះសម្រាប់ប្រាក់ខែគ្រូបង្រៀន និងបុគ្គលិកដទៃទៀតដែលធ្វើការក្នុងវិស័យអប់រំ។
រដ្ឋសភាជាតិ ក្នុង ខែវិច្ឆិកា បានអនុម័តថវិកាចំនួន ៩១៥ លានដុល្លារសម្រាប់វិស័យអប់រំនៅឆ្នាំ ២០១៩ ដោយកើនឡើងពី ៨៤៨ លានដុល្លារកាលពីឆ្នាំ ២០១៨ ។ ប្រាក់ខែអប្បបរមាសម្រាប់គ្រូបង្រៀនបានកើនឡើងពី ២៨៥ ដុល្លារក្នុងមួយខែដល់ ២៩២ ដុល្លារនៅក្នុងខែមករា និង ៣០០ ដុល្លារនៅខែនេះ ៕
ប្រភព ៖ khmertimes