(ក្រុងឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានក្រុមម្ចាស់ផ្ទះញញួរធំ West Ham United វាយបក ឈ្នះដោយលទ្ធផល ៣-២ នៅនាទីទី៨១ ក្នុង Premier League ប្រចាំសប្តាហ៍ទី៣៧ ដែលជាដំណឹងល្អសម្រាប់ Manchester City ក្នុងការប្រជែងកៅអី Champions រដូវកាលក្រោយ ។
ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Upton Park ចុងរដូវកាលនេះកីឡាករបារាំង Anthony Martial ស៊ុតបំប៉ោង សំណាញ់ទី២គ្រាប់ម្នាក់ឯងនៅនាទីទី៥១ និង៧២ ដែលជាគ្រាប់វាយបកឈ្នះវិញ ក្រោយពេលកីឡាករ Diafra Sakho បានស៊ុតគ្រាប់នាំមុខឲ្យ West Ham នៅនាទីទី១០មកនោះ ។
តែយ៉ាងណាមិញការសប្បាយរីករាយនេះ គឺបានកើតឡើងតែ៤នាទីប៉ុណ្ណោះ ដែលត្រូវបានកីឡាករ Michail Antonio ស៊ុតគ្រាប់តាមស្មើវិញនៅនាទីទី៧៦ និងគ្រាប់ជ័យជំនះនៅនាទីទី៨១ ដោយកីឡាករ Winston Reid បញ្ចប់មហិច្ឆតា របស់គ្រូបង្វឹក Louis van Gaal ក្នុងការដឹកនាំក្រុមឡើងទៅចំណាត់ថ្នាក់លេខ៤ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង