CamNews

ព័ត៌មានជាតិ 

បុណ្យសមុទ្រខេត្តកំពតចាប់ផ្តើមហើយ ជាមួយការរំពឹងទុក ស្រូបទាញភ្ញៀវទេសចរជាង ២០ម៉ឺននាក់

(កំពត)៖ ពិធីបុណ្យសមុទ្រ ដែលធ្វើឡើងនៅក្នុងខេត្តកំពត បានចាប់ផ្តើមហើយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥​នេះ ជាមួយការរំពឹងទុកថា អាចស្រូបទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មិនតិចជាង ២០ម៉ឺននាក់ឡើយ ក្នុងរយៈពេល ៣ថ្ងៃនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងប្រាប់ Fresh News នៅថ្ងៃនេះថា ដោយសារតែខេត្តកំពត ជិតនិងរាជធានីភ្នំពេញ ហើយមានផ្លូវល្អ លោកជឿថា នឹងអាចស្រូបទាញភ្ញៀវទេសចរទៅកម្សាន្តបានច្រើន ជាបណ្តាខេត្ត ដែលរៀបចំបុណ្យសមុទ្រនាពេលកន្លងទៅ។ លោករដ្ឋមន្រ្តី បានរំពឹងថា ក្នុងពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃនេះ អាចទាក់ទាញភ្ញៀវទេសចរមិនតិច ជាង ២០ម៉ឺននាក់នោះឡើយ។

ខេត្តកំពត គឺជាខេត្តមួយនៅភាគខាងត្បូង នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ ក្រៅពីមានសមុទ្រ ដ៏ស្រស់ស្អាតហើយនោះ ក៏នៅមានជួរភ្នំដងរ៉ែកខ្ពស់ទាប គួរជាទីគយគន់ផងដែរ។

ពិធីបុណ្យសមុទ្រ ដែលរៀបចំឡើងនៅខេត្តកំពតឆ្នាំនេះ ក្រសួងទេសចរណ៍ និង ខេត្តកំពត បានសហការគ្នារៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការតាំងលំអរ កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា និងមានការរៀបចំកម្មវិធីប្លែកៗ ខុសពីការរៀបចំបុណ្យសមុទ្រ ដែលបានធ្វើនៅក្នុងខេត្តព្រះសីហនុ កែប និងកោះកុង។

លោក ខូយ ឃុនហួរ អភិបាលខេត្តកំពត បានបញ្ជាក់ប្រាប់ Fresh News ថា ពិធីបុណ្យសមុទ្រក្នុងខេត្តកំពត ត្រូវបានរៀបចំឡើងនៅតាមបណ្តោយព្រែកកំពង់បាយ មានប្រវែងប្រមាណ ២គីឡូដី។ កាន់តែពិសេសនោះ ទាំងនៅតាមព្រែក និងក្នុងទឹកត្រូវបានតាំងលំអរទៅដោយភ្លើងពណ៌។ នៅតាមកន្លែងបម្រើសេវា ដូចជាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចតាមដងផ្លូវក្នុងខេត្ត ក៏បានតាំងលំអរដោយភ្លើងពណ៌ផងដែរ។

ដោយឡែកម្មវិធីកម្សាន្តវិញមានដូចជា ការប្រគំតន្រ្តីនៅលើទូក ដែលចល័តចុះឡើងនៅតាមព្រែក ដើម្បីសម្តែងជូនអ្នកទេសចរបានទស្សនាកម្សាន្ត។ ក្រៅពីនោះ ក៏មានកម្មវិធីប្រណាំងទូកចាក ការប្រដាល់ ការវាយបាល់លើឆ្នេរខ្សាច់ជាដើម។

ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនាឆ្នាំនេះ មានស្តង់លក់ផលិតផល និង ម្ហូបអាហារប្រមាណ៥០០ស្តង់ ខណៈកម្លាំងសមត្ថកិច្ចប្រមាណ ៣០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ។ 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តកំពតក្នុងឱកាសបុណ្យ សមុទ្រនេះ ក្តៅពីការលេងនៅក្នុងពិធីបុណ្យសមុទ្រ ពួកគេក៏អាចអញ្ជើញទៅទស្សនាតំបន់កម្សាន្តផ្សេងៗទៀតមានដូចជា ភ្នំបូកគោ ទឹកឈូ និងចំការម្រេចជាដើម។

សម្រាប់ការបម្រើសេវាកម្មផ្សេងៗទៀត ត្រូវបានលោក ថោង ខុន បញ្ជាក់ថា លោក បានប្រជុំយ៉ាងលំអិត ជាមួយអ្នកបម្រើសេវា ដោយមិនឲ្យដំឡើងថ្លៃម្ហូបអាហារ ឬកន្លែងស្នាក់នៅឲ្យថ្លៃហួសហេតុនោះឡើយ។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងខេត្តកំពត មានបន្ទប់ស្នាក់នៅប្រមាណជា ១០០០បន្ទប់ប៉ុណ្ណោះ ដែលមិនអាចផ្គត់ផ្គង់ តម្រូវការរបស់ភ្ញៀវនោះឡើយ ប៉ុន្តែក្រសួង និងខេត្ត បានរៀបចំការស្នាក់នៅតាមបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកទេសចរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកមិញនេះ បានផ្ញើសារលិខិតមួយច្បាប់ចូលរួមអបអរសាទរបុណ្យសមុទ្រនេះ ព្រមទាំងអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងរួមសាមគ្គីគ្នា ធ្វើឲ្យពិធីបុណ្យនេះ ប្រព្រឹទ្ធទៅជោគជ័យ។

សម្តេចតេជោ ក៏សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យសមុទ្រនឹងក្លាយជាកាលានុវត្ត ភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក ក្នុងការផ្តល់ចំណូល ដោយផ្ទាល់ ការបង្កើនការងារ និង ការចូលរួមកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរ។ ជាពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ និង របស់កម្ពុជា ព្រមទាំងបង្កើនស្មារតី ស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវអាស៊ី


Tags: Cambodia Social News Kampot