CamNews

កីឡាជាតិ 

កុំភ្លេច! ក្រុមគោព្រៃកម្ពុជា ប៉ះសិង្ហបុរី វេលាម៉ោង ៦:៣០នាទីល្ងាចនេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតកម្ដៅសាច់ដុំ ជាមួយក្រុមក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ ជំនួបមិត្តភាពអន្ដរជាតិនេះ គឺជាការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFF Suzuki Cup 2016 របស់កម្ពុជា ។

លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថា ការប្រកួតមិត្តភាពនេះ គឺជាការប្រកួតដ៏សំខាន់ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ប៉ុន្ដែការប្រមូលផ្ដុំកីឡាករលើកនេះ គឺមិនបានល្អនោះទេ ដោយសារមានបញ្ហារបួសច្រើន បន្ទាប់ពីកម្មវិធីប្រកួតលីគមមាញឹកពេក ។ ជាក់ស្ដែងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ទំនងមិនបានលេងទេថ្ងៃនេះ ។

ប៉ុន្ដែយ៉ាងណាលោកបានប្ដេជ្ញាចិត្តព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីឆ្លើយតបនឹងការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ តាមរយៈការប្រើប្រាស់កីឡាករថ្មីៗ ដើម្បីជាការដកស្រង់បទពិសោធន៍ សម្រាប់ត្រៀមពានរង្វាន់អន្ដរជាតិផ្សេងៗ ពិសេសគឺពាន AFF Suzuki Cup 2016 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលតែម្ដង ។

ដោយឡែកលោក Sundra Moorthy គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី បានបញ្ជាក់ថា ការប្រកួតនេះ នឹងកាន់តែអស្ចារ្យ ដោយសារកំណើតអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាដ៏ច្រើន ដែលជាសម្ពាធមួយសម្រាប់ក្រុមលោក ប៉ុន្ដែលោកនឹងធ្វើការប្រកួតស្អែកនេះកក្រើក ។ យ៉ាងណាមិញទោះបីនេះ ការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្ដែលោកនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះ​ ជាពិសោធន៍ត្រៀមប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នេះដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Singapore Thailand Hua Hin Int news Hot news