(តៃវ៉ាន់)៖ តារាសម្តែងតៃវ៉ាន់វ័យ៣៤ឆ្នាំ លោក Vic Chou (គួចាឡឺយ) និងមិត្តស្រីនាង Reen Yu បានប្រកាសជាសាធារណៈនៅលើបណ្តាញទំនាក់ទំនាងសង្គម Weibo អំពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ក្រោយមានទំនាក់ទំនងស្នេហាអស់រយៈពេល៤ឆ្នាំកន្លងមក។
ឆ្លើយតបក្នុងបទសម្ភាសន៍អំពីការរៀបចំពិធីមង្គលការ Vic បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនអញ្ជើញ បណ្តាមិត្តភក្តិរួមការងារនៅក្នុងរង្វង់សិល្បៈ រួមទាំងសមាជិក ៣នាក់ផ្សេងទៀតនៃក្រុម F4 មកចូលរួមនោះទេ ព្រោះខ្លួនគ្រាន់តែរៀបចំពីធីបែបសាមញ្ញមួយតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ សមាជិកក្រុម F4 នឹងត្រូវបានអញ្ជើញឲ្យមានការចូលរួមក្នុងពិធីប្រគល់សញ្ជាបត្ររបស់ Vic ។
ប្រភពសិល្បៈ បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងរបស់ពួកគេទាំង៤នាក់ មិនល្អប៉ុន្មាននោះទេ តែក៏មិនអាក្រក់ដូចអ្នកដទៃគេគិតនោះដែរ។ ទំនាក់ទំនងរបស់ពួកគេ គឺគ្រាន់តែជាមិត្តភក្តិរួមការងារក្រុមតែមួយប៉ុណ្ណោះ។
គួររំលឹកផងដែរថា នៅឆ្នាំ២០១៣ ពេលដែល Vannes Wu (ម៉ីជូ) រៀបមង្គលការ សមាជិកផ្សេងទៀតរបស់ F4 មិនបានមានវត្តមានចូលរួមនោះទេ ដោយប្រាប់មូលហេតុថារវល់។ នៅគ្រានោះ Wu បានបាននិយាយទាំងមិនពេញចិត្តនៅក្នុងបទសម្ភាសន៍ដោយបន្ទោសថា៖ «ប្រសិនបើជាមិត្តភ័ក្ដិនឹងគ្នាពិតប្រាកដ ទោះបីជាខ្ញុំប្រារព្ធមង្គលការនៅទីណាក៏ដោយ ក៏ពួកគេគួរតែមានវត្តមានចូលរួម»៕