CamNews

ព័ត៌មានអន្តរជាតិ 

អ្នកស្រី អ៊ួង សានស៊ូជី នឹងរក្សាពានរង្វាន់ណូបែលសន្ដិភាព ដោយគ្មានការដកហូត

គណៈកម្មាធិការពានរង្វាន់ណូបែលនៃប្រទេសន័រវ៉េ បាននិយាយកាលពីថ្ងៃពុធថា ពានរង្វាន់ណូបែលសន្ដិភាព ដែលបានប្រគល់ជូនអ្នកស្រី អ៊ួង សានស៊ូជី នឹងមិនត្រូវបានដកហូតយកមកវិញទេ ក្រោយការពិចារណាលើរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលបាននិយាយថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្ដបទល្មើសប្រល័យពូជសាសន៍ នៅក្នុងការសម្លាប់រង្គាលរបស់ខ្លួន ទៅលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា។

លោក Olav Njoelstad លេខាធិការនៃគណៈកម្មាធិការពានរង្វាន់ណូបែល បាននិយាយថា៖ “វាជារឿងចាំបាច់ ដែលត្រូវចងចាំថា ពានរង្វាន់ណូបែល មិនថាជាពានរង្វាន់លើរូបវិទ្យា អក្សរសាស្រ្ដ ឬសន្ដិភាពនោះទេ គឺត្រូវបានប្រគល់ជូនបុគ្គលណាម្នាក់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ឬស្នាដៃពិសេសអ្វីមួយ នៅពេលអតីត ដែលមានតម្លៃសមនឹងទទួលបានពាន់រង្វាន់នោះ។

លោកបានបន្ថែមថា៖ “អ្នកស្រី អ៊ួង សានស៊ូជី បានឈ្នះពានរង្វាន់ណូបែលសន្ដិភាព សម្រាប់វីរៈភាពរបស់អ្នកស្រី ក្នុងការប្រយុទ្ធប្រឆាំងទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋរហូតដល់ឆ្នាំ ១៩៩១ ជាឆ្នាំ ដែលអ្នកស្រី ត្រូវបានប្រគល់ជូនពានរង្វាន់នេះ។ ហើយបទបញ្ញត្ដិ ដែលបានចែង ក្នុងលក្ខខណ្ឌពានរង្វាន់ណូបែល ពុំអនុញ្ញាតឱ្យដកហូតពាន់រង្វាន់មកវិញនោះទេ”។ 

កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេតនៃអង្គការសហប្រជាតិ បាននិយាយថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្ដការសម្លាប់រង្គាល និងការរំលោភផ្លូវភេទជាក្រុម ដោយចេតនាក្នុងការប្រព្រឹត្ដបទល្មើសប្រល័យពូជសាស្រ្ដ ហើយម្យ៉ាងទៀត អគ្គមេបញ្ជាការយោធា និងឧត្ដមសេនីយ៍ ៥ នាក់ទៀត គួរតែត្រូវបានផ្ដន្ទាទោសសម្រាប់ការប្រព្រឹត្ដបទល្មើសធ្ងន់ធ្ងរបំផុត ស្ថិតក្រោមច្បាប់អន្ដរជាតិនេះ។

អ្នកស្រី ស៊ូជី បានទទួលពានរង្វាន សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រកបដោយអហិង្សាដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈងើបប្រឆាំងនឹងមេដឹកនាំយោធា។


ក្រៅពីការចោទប្រកាន់ជាច្រើនករណីរបស់អង្គការសហប្រជាជាតិថា អ្នកស្រី បានបើកដៃឱ្យប្រព្រឹត្ដ និងក្រោយមកប្រតិកម្មប្រឆាំងនឹងអំពើប្រល័យពូជសាសន៍លើពួករ៉ូហ៊ីងយ៉ានោះ អ្នកស្រី ស៊ូជី ដែលដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា និងបានឈ្នះពានរង្វាន់ណូបែលសន្ដិភាព ក្នុងឆ្នាំ ១៩៩១ សម្រាប់ការធ្វើយុទ្ធការទាមទារលទ្ធិប្រជធិបតេយ្យនោះ ក៏បានរងការរិះគន់ថា បានបរាជ័យក្នុងការស្រែកប្រឆាំង នឹងការបង្រ្កាបរបស់កងទ័ព នៅក្នុងរដ្ឋរ៉ាឃីនផងដែរ។

ការដាក់ញត្ដិតាមអនឡាញមួយ ដែលចុះហត្ថលេខាដោយប្រជាជនជាង ៣៨៦,០០០ នាក់នៅលើគេហទំព័រ Change.org  កំពុងអំពាវនាវឱ្យដកហូតពាន់រង្វាន់ណូបែលសន្ដិភាពពីអ្នកស្រី  ស៊ូជី ចំពោះការធ្វើទុក្ខបុកម្នេញលើប្រជាជនរ៉ូហ៊ីងយ៉ាពីសំណាក់យោធា។

គណៈកម្មាធិការពានរង្វាន់ណូបែលនៃប្រទេសន័រវ៉េ មានក្រុមមួយ ដែលមានសមាជិកជនជាតិន័រវ៉េ ៥ នាក់ ភាគច្រើនជាអតីតអ្នកនយោបាយ និងសាស្រ្ដាចារ្យ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលផ្សេងគ្នានៃសភាន័រវ៉េ។ ពានរង្វាន់ណូបែលសន្ដិភាពផ្សេងទៀត ត្រូវបានប្រគល់ជូន នៅក្នុងប្រទេសស៊ុយអែត។

កាលពីឆ្នាំមុន ប្រធាននៃគណៈកម្មាធិការនេះ អ្នកស្រី Berit Reis-Andersen ក៏បាននិយាយផងដែរថា ខ្លួននឹងមិនដកហូតពានរង្វានវិញឡើយ ក្រោយការរិះគន់មុនៗ លើតួនាទីអ្នកស្រី ស៊ូជី នៅក្នុងវិបត្ដិរ៉ូហ៊ីងយ៉ា។

អ្នកស្រី បាននិយាយនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយថា៖ “យើងមិនដកហូតមកវិញទេ។ វាមិនមែនជាកាតព្វកិច្ចរបស់យើងក្នុងការមើលខុសត្រូវ ឬចាប់ពិរុទ្ធចំពោះអ្វី ដែលជ័យលាភីរង្វាន់ណូបែលសន្តិភាពធ្វើ ក្រោយពីគេឈ្នះពានរង្វាន់ឡើយ។ អ្នកឈ្នះពានរង្វាន់ខ្លួនឯង ត្រូវតែព្យាយាមរក្សានូវកេរ្ដិ៍ឈ្មោះរបស់ខ្លួនផ្ទាល់” ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ បាងកកប៉ុស្ដិ៍


Tags: Mekongnet