CamNews

ព័ត៌មានអន្តរជាតិ 

ឆេះឃ្លាំងស្តុក សំងំលេង Concert មួយកន្លែង ស្លាប់មនុស្ស ៣៣នាក់ហើយ ខណៈច្រើននាក់បាត់ដំណឹង

ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្សស្លាប់ ៣៣នាក់ ត្រូវបានយកចេញពីទីតាំងកើតហេតុ ក្នុងឃ្លាំង ស្តុកមួយកន្លែង នាទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក ក្រោយពីមានករណីគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសាហាវ អំឡុងពេលដែលមានកម្មវិធីជប់លៀង នៅក្នុងឃ្លាំងស្តុកមួយកន្លែងនោះ ។ 



មន្រ្តីក្នុងស្រុកសហរដ្ឋអាមេរិក ពីកន្លែងកើតហេតុឲ្យដឹងថា ត្រឹមតែ ២០%នៃសំណង់អាគារឃ្លាំងស្តុក តែប៉ុណ្ណោះដែលត្រូវបានរុករក និងស្រាវជ្រាវរកទាំងជនរងគ្រោះ និងជនដែលអាចរស់រានមានជីវិត ខណៈតួលេខមនុស្សបាត់ខ្លួន គឺមានច្រើនសន្ធឹក។ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ មូលហេតុអ្វី បានជាបណ្តាលឲ្យមានគ្រោះអគ្គីភ័យអត្តឃាត ឆាបឆេះយ៉ាងសាហាវលើកនេះ វាយប្រហារទៅកាន់ ឃ្លាំងស្តុកមួយកន្លែងនេះ ។ 


លោកស្រី Teresa Deloach-Reed ដែលជាប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ ប្រចាំទីក្រុង Oakland គូសបញ្ជាក់ឲ្យដឹងថា មនុស្សចន្លោះពី ៥០ ទៅ ១០០ នាក់ បានមានវត្តមាននៅទីតាំងកើតហេតុ នៅ ពេលដែលអគ្គីភ័យបានចាប់ផ្តើមឆាបឆេះកាលពីយប់ថ្ងៃសុក្រ វិនាទីនោះហើយ មនុស្សម្នាជាច្រើន បាននាំគ្នារីករាយនឹងការប្រគុំតន្រ្តីដែលត្រូវបានធ្វើឡើងនៅឃ្លាំងស្តុកខាងលើ។ 

ឃ្លាំងស្តុកមួយកន្លែងនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាវាខ្មោច ឬ The Ghost Ship ។ អំឡុងថ្ងៃកើត ហេតុអគ្គីភ័យឆាបឆេះ មានការប្រគុំតន្រ្តីពីសំណាក់ក្រុម Golden Donna និងអ្នកចម្រៀង ៦នាក់ផ្សេង ទៀត ។ អគ្គីភ័យឆាបឆេះខ្លាំង រហូតបានធ្វើឲ្យដំបូងឃ្លាំងស្តុក នាជាន់ទី ២ បាក់រលំ និងធ្លាក់ដល់ជាន់ ក្រោម ។ គួរបញ្ជាក់ថា សំណង់អាគារឃ្លាំងស្តុកមួយកន្លែងនេះ ពុំមានប្រព័ន្ធបន្សាចទឹកនោះទេ (sprinkler system) មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារពន្លត់អគ្គីភ័យក៏ពុំបានឮសម្លេង បន្លឺអាសន្នដូចគ្នាដែរ នៅពេលដែលពួកគេបានទៅដល់ទីតាំងកើតហេតុ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US China Hong Kong Pentagon Int news Hot news