(បរទេស)៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីគាត់នាំយកផេះសពមិត្តរបស់ខ្លួនទៅកាន់ប្រទេសកាណាដា ហើយត្រូវបានប៉ូលិសពិនិត្យឃើញថា ផេះសពមានផ្ទុកសារជាតិញៀន ។
លោក Russell Laight អាយុ៤១ឆ្នាំបានធ្វើដំណើរពីប្រទេសអង់គ្លេសទៅកាន់កាណាដា ដោយពាំនាំយកទៅជាមួយនូវបំណែកផេះសពមិត្តរបស់គាត់ឈ្មោះ Simon Darby ព្រោះមុនពេលស្លាប់ Darby បានស្នើឲ្យមិត្តយកបំណែកសពខ្លួនទៅកាន់ Atlantic ប្រទេសកាណាដាហើយ ខណៈពេលកំពុងធ្វើដំណើរដោយសារអាកាសធាតុមិនល្អទើបធ្វើឲ្យជើងហោះ ហើរត្រូវបង្វែទិសពី Halifax ទៅកាន់ព្រលានយន្តហោះអន្តរជាតិ St. John នៅ Newfoundland ហើយមន្ត្រីនៅទីនោះចាប់អារម្មណ៍ថង់ផេះដែល Laight មិនបានបញ្ជាក់ឲ្យគេដឹងមុន ទើបមានការពិនិត្យមើលផេះសព ទីបំផុតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពួកគេបានធ្វើតេស្តរកឃើញថា មានសារជាតិញៀនក្នុងនោះ បណ្តាលឲ្យ Laight ត្រូវប៉ូលិសឃាត់ខ្លួនតែម្តង ។
លោក Laight ត្រូវបញ្ជូនទៅឃុំខ្លួនអស់រយៈពេល៥ថ្ងៃ ក្រោយមកប្រពន្ធរបស់សពដែលបានដឹងដំណឹងនេះ ធ្វើឲ្យនាងតក់ស្លុតយ៉ាងខ្លាំង និងបានផ្ញើលិខិតមរណភាពរបស់ប្តីទៅឲ្យប៉ូលិសកាណាដាមើល ហើយក៏បញ្ជាក់ដែរថា ប្តីនាងធ្លាប់ញៀនមុនពេលដែលគាត់ស្លាប់ដោយជំងឺមហារីក ។
មេធាវីរបស់លោក Laight បានស្នើសុំឲ្យពិនិត្យផេះសពឡើងវិញ ហើយក៏ដឹងថាតាមពិតទៅពុំមានសារជាតិញៀនអ្វីឡើយ ក្រោយមកទើប Laight ត្រូវបានគេដោះលែង ហើយគាត់រង់ចាំ២ថ្ងៃទៀត ទម្រាំបានផេះសពមិត្តត្រឡប់ទៅវិញ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី