CamNews

កីឡាអន្តរជាតិ 

អត់ Neymar ប្រេស៊ីល នៅ​តែ​ខ្លាំង ដោយ​បាន​​យក​​ឈ្នះ​​ម្ចាស់​​ផ្ទះ​​វេ​ណេ​ហ្សូ​អេ​ឡា ២-០ ព្រឹក​មិញ

(បរទេស)៖ ទោះអវត្តមានកីឡាករជើងខ្លាំង Neymar ដោយបញ្ហារបួស ពុំមែនជាឧបសគ្គសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល​ឡើយ ដោយ​បន្ត​រក​បាន​៣​ពិន្ទុ​ក្រៅ​ទឹក​ដី​ទៀត បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះវេណេហ្សូអេឡា ២-០ ព្រឹក​មិញ​នេះ​ក្នុង​វគ្គ​ជម្រុះ World Cup 2018 ប្រចាំទ្វីបអាមេរិក។

ក្រុមដែលមានរហស្សនាមថា «សាំបា» ដែលជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក ៥សម័យកាលនាពេលកន្លងមកនោះ បាន​ចាប់​ផ្តើម​នូវ​ទម្រង់​លេង​ដ៏​ល្អ​វិញ ក្រោម​ការ​ដឹក​នាំ​របស់គ្រូ​បង្វឹក Tite ដោយគ្រាប់ទី១ រកបានដោយ កីឡាករ Gabriel Jesus ត្រឹមចាប់ផ្តើមបាន ៨នាទីដំបូង មុនពេលមិត្តរួមក្រុម Willian ដែលកំពុងប្រកបអាជីពក្នុងក្លឹប Chelsea របស់អង់គ្លេសនោះ បន្ថែមគ្រាប់ទី២ នៅនាទីទី៥៣ ក្នុងវគ្គទី២ វិញ។

សូមបញ្ជាក់ថា ការប្រកួតដ៏ស្វិតស្វាញនេះដែរ ដ៏ត្រូវបានពន្យារពេលរយៈ១៥នាទី ដោយសារតែដាច់ចរន្តអគ្គិសនីក្នុងទីលាន ខណៈ​ដែល​កា​រ​ប្រកួត​បន្ត ពុំ​មាន​ការ​ស៊ុត​បញ្ចូល​ទី​បន្ថែម​ទៀត​នោះ​។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យប្រេស៊ីល រកបាន២១ពិន្ទុ ឡើងទៅឈរនៅកំពូលតារាងវិញ ក្នុងចំណោម១០ប្រទេសជម្រុះប្រចាំតំបន់អាមេរិកឡា​ទីន (អា​មេរិក​ខាង​ត្បូង) គ្រា​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ មាន២០ពិន្ទុតាមពីក្រោយ បន្ទាប់​ពី​លេង​បាន​ស្មើ ២-២ ទល់​នឹង​ម្ចាស់​ផ្ទះ​កូឡុំប៊ី ព្រឹកមិញនេះដូចគ្នានៅក្នុងការប្រកួតលើកទី១០ របស់ពួកគេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Neymar