CamNews

តារា 

ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា ចូល​រោង​ការ យ៉ាង​តក់​ក្រហល់ នៅ​ថ្ងៃ​នេះ

ភ្នំពេញ៖ បន្ទាប់ពីចំណាយពេល សាងទំនាក់ទំនងស្នេហា អស់រយៈពេលជិត១២ឆ្នាំ និងធ្លាប់ជំពប់រឿងបែកបាក់គ្នា ជាច្រើនលើកច្រើនសារមកនោះ គូស្នេហ៍អ្នកសិល្បៈដូចគ្នា រវាងលោក សុវណ្ណ មករា និង កញ្ញា ឈិន ច័ន្ទសុធារី បានវិលជួបគ្នាជាថ្មីឡើងវិញ និងបានសម្រេចចិត្តចូលរោងជ័យ រៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ស្របតាមគន្លងប្រពៃណីដូនតា នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥នេះ ដោយមានឪពុក-ម្តាយ និងចាស់ទុំទាំងសងខា ងចូលរួមដឹងឮ ជាច្រើននាក់។

តារាសម្តែងគ្រងឈុត ជាកូនកំលោះនៅព្រឹកថ្ងៃនេះ លោក សុវណ្ណ មករា បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទទាំងអារម្មណ៍រំភើបរីករាយថា «បាទ ពិតណាស់ ខ្ញុំមិនលាក់ទេ នៅថ្ងៃទី២១នេះយើងចូលរោងជ័យរៀបអាពាហ៍ពិពាហ៍មែន..!។ ពិធីមង្គលការរបស់ខ្ញុំព្រឹកនេះ គឺយើងបានរៀបចំធ្វើឡើងនៅគេហដ្ឋានខាងកូនស្រីតែពេលល្ងាច ទទួលភ្ញៀវនៅមជ្ឈមណ្ឌល ទួលគោក..»។
លោក សុវណ្ណ មករា បានបន្តថា «មូលហេតុពួកយើង រៀបចំពិធីមង្គការយ៉ាងតក់ក្រហល់បែបនេះ ដោយសារថ្ងៃខែរបស់ខ្ញុំ និងគាត់ ត្រូវបានពេលាល្អនៅថ្ងៃនេះ ដូច្នេះក៏សម្រេចជ្រើសយកតែម្តងទៅ។ម្យ៉ាងបើពួកយើង មិនយកថ្ងៃនេះទេ គឺរងចាំរហូតដល់ឆ្នាំ២០១៧ ឯណោះ ទើបមានថ្ងៃល្អសម្រាប់ រៀបចំមង្គលការ។ ពិធីនេះខ្ញុំ និងអូន ធារី រៀបចំតែជាង១៥តុប៉ុណ្ណោះ មិនសូវអញ្ជើញភ្ញៀវ អ្នកសិល្បៈចូលរួមច្រើនទេ ដោយសារពេលវេលាលឿនពេក..»។

ជីវិតគូស្នេហ៍ របស់តារាសម្តែង លោក សុវណ្ណ មករា និង កញ្ញា ឈិន ច័ន្ទសុធារី បែកធ្លាយល្បីខ្ចរខ្ចាយ ជាសាធារណៈកាលពីអំឡុងឆ្នាំ២០០២ ខណៈដំណឹងស្នេហារបស់អ្នកទាំងពីរ ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន លើកយកទៅសរសេរចុះផ្សាយ យ៉ាងព្រោងព្រាត។ ប៉ុន្តែទោះបីជាព័ត៌មាននេះ ត្រូវបែកធ្លាយយ៉ាងនេះ ក៏ពិតមែន កាលនោះគូស្នេហ៍អ្នកទាំងពីរ តែងធ្វើការបដិសេធ និង ច្រានចោលជានិច្ច។
ដូចពាក្យចាស់លោកពោលថា «ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ» គឺវាមិនខុសអ្វីនឹងចំណងស្នេហា របស់លោក សុវណ្ណ មករា និង កញ្ញា ឈិន ច័ន្ទសុធារី នៅទីបំផុតការពិតនៅតែជាការពិតដដែល ជាក់ស្ដែងថ្ងៃនេះ ពួកគេបានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាជាផ្លូវការ បង្ហាញប្រាប់ការពិត ដល់មហាជនទូទៅ ថា ពួកគេបានក្លាយជាប្ដីប្រពន្ធស្របច្បាប់ ចាប់ពីថ្ងៃនេះតទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chin chansotheary Star news local news