ហេតុតែមានបំណងល្អ និងឆន្ទៈល្អពីក្នុងចិត្ត បណ្តាលឲ្យក្មេងស្រី សិស្សសាលាបឋមម្នាក់ស្លាប់បាត់បង់ជីវិតទៅវិញ ដោយសារតែ ការលង់ទឹកជំនន់ នៅតាមបណ្តោយផ្លូវក្រុង Dazhou ខេត្ត Sichuan ប្រទេសចិន ។
គួរបញ្ជាក់ថា ខេត្ត Sichuan គឺជាខេត្តមួយដែលនៅភាគខាងត្បូងឆៀងខាងលិចប្រទេសចិន និងជាខេត្តមួយក្នុងចំណោមខេត្ត ទាំង ៩ផ្សេងទៀត ដែលទទួលរងនូវការវាយប្រហារ ដោយភ្លៀងត្រូពិច ដែលបានបណ្តាលឲ្យមនុស្ស តិចបំផុត ២២នាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅស្ថាន។ ថ្ងៃព្រហស្បត្តិ៍ទី ២៣ មិថុនា កន្លងទៅនេះ ក្មេងស្រីដែល ជាសិស្សសាលាបឋម មានវ័យទើបតែ ១២ ឆ្នាំនោះ បានជួយដល់លោកយាយវ័យចំណាស់ម្នាក់ ក្នុងការដើរឆ្លងកាត់ផ្លូវ ដែល មានកម្លាំងលំហូរទឹកភ្លៀងខ្លាំង តែជាអកុសល លោកយាយ និងនាងតូច ត្រូវបានកម្លាំងទឹករុញច្រាន បោកបក់ ហូរនាំយកទៅបាត់ ។ យោងតាមសារព័ត៌មានក្នុងស្រុក ប្រទេសចិន NetEase ចុះផ្សាយឲ្យដឹងថា អំឡុងពេលដែលគ្រោះអកុសល បាន កើតឡើងនោះ ក្រុមអ្នកធ្វើដំណើរក្នុងស្រុក បានស្ទុះស្ទាចេញទៅសង្គ្រោះលោកយាយវ័យចំណាស់ វ័យ ៥៩ ឆ្នាំ ។ ទោះជា យ៉ាងណាក៏ដោយចុះ នាងតូចវ័យ ១២ឆ្នាំ មិនសំណាងដូចលោកយាយនោះទេ តួយ៉ាង ទឹកបានហូរនាំនាងតូចយកទៅ ដោយ ជាប់គាំងក្រោមរថយន្ត ទីកន្លែងដែលនាងបានស្លាប់ដោយសារតែលង់ទឹក ។
សារព័ត៌មាន Wujin News Online ចុះផ្សាយឲ្យដឹងថា នាងតូចវ័យ ១២ឆ្នាំត្រូវបានរកឃើញ កន្លះម៉ោងក្រោយពីកើតហេតុ នៅពេលដែលម្ចាស់រថយន្តកត់សម្គាល់ឲ្យឃើញថា មានកាបូបសិស្សសាលានៅពីក្រោយរថយន្តរបស់ខ្លួន ។ នៅពេលដែលមាន កិច្ចអន្តរាគមន៍ ជួយសង្គ្រោះនាងតូចពីក្រោមរថយន្ត បបូរមាត់របស់នាង ឡើងទៅជាពណ៌ស្វាយបាត់ទៅហើយ ភ្លាមៗ ប្រញាប់បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ នាងមាននិស្ស័យ តែគ្មានវាសនា បានរស់នៅលើលោកយើងទៀតនោះទេ ពោល នាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែលង់ទឹកជំនន់ទឹកភ្លៀង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖អាស៊ីវ័ន