(គូឡាឡំាពួរ)៖ ព្រះចៅ ស៊ុលតង់ មហាម៉ាត់ ទីប្រាំ (Sultan Muhammad V) បានចូលរួមព្រះរាជពិធីស្បថ ឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះអនុឡោមតាមការសម្រេច នៃក្រុមប្រឹក្សាអ្នកកាន់អំណាច កាលពីខែតុលា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ព្រះចៅ ស៊ុលត្រង់ បានស្បថឡើងគ្រងរាជ្យ ដែលមានព្រះនាមជាផ្លូវការថា Yang di-Pertuan Agong នៅឯវិមាន Istana Negara ក្នុងទីក្រុងគូឡាឡាំពួរ នៃសហព័ន្ធម៉ាឡេស៊ី ដោយព្រះអង្គម្ចាស់ ស៊ុលតង់ Perak Nazrin Shah ក៏ត្រូវបានតែងតាំងឲ្យឡើងធ្វើជាឧបរាជផងដែរ។ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិដ៏ធំសម្បើម ត្រូវបានប្រារព្ធឡើងចាប់តាំងពីវេលាម៉ោង៧៖៥០នាទីព្រឹកថ្ងៃអង្គារ ដោយមានការដង្ហែក្បួនក្នុងចម្ងាយផ្លូវ ១៤គីឡូម៉ែត្រពីវិមាន Istan Negeri ឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីទទួលដំណើរយាងមកដល់នៃព្រះអង្គ ស៊ុលតង់ មកកាន់រាជធានីដើម្បីគ្រងរាជ្យ ជាស្តេចជំនាន់ទី១៥។
គួរបញ្ជាក់ថា ព្រះចៅ ស៊ុលតង់ បានយាងមកដល់ទីក្រុង គូឡាឡាំពួរ នៅវេលាម៉ោង ១០៖០០នាទីព្រឹក ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ គឺជាអ្នកទទួលការយាងមកដល់ នៃព្រះមហាក្សត្រអង្គថ្មីខាងលើនេះ។ កងកម្លាំង និងក្រុមពិធីការទទួលព្រះមហាក្សត្រ ត្រូវរៀបចំឡើងនៅក្នុងទីលានរដ្ឋសភា បន្ទាប់ពីការប្រកាសដាក់រាជ្យ ពីអតីតព្រះមហាក្សត្រ និងមហាក្សត្រីយ៍អាណត្តិមុនត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ សម្រាប់អាណត្តិរបស់ព្រះមហាក្សត្រគ្រងរាជ្យ នៅម៉ាឡេស៊ី គឺមានរយៈពេលប្រាំឆ្នាំ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី