CamNews

កីឡាអន្តរជាតិ 

ស្តេច​​ប្រដាល់ Pacquiao ផ្តួល​​ជើង​​ខ្លាំង Bradley ដោយ​​ពិន្ទុ​​ដាច់១១៦ ទល់​នឹង១១០(Video Inside)

(ឡាវេហ្គាស)៖ នេះជាលើកទី១ប្រវត្តិសាស្រ្ត ក្នុងវិស័យកីឡាប្រដាល់សកល គ្រាដែលចៅក្រមទាំង៣ បានដាក់ពិន្ទុដូច គិតទុកជាមុន ដោយបានកាត់ក្តីឲ្យស្តេច ប្រដាល់អាស៊ី Manny Pacquiao ឈ្នះកីឡាករអាមេរិក Timothy Bradley ដោយពិន្ទុ ១១៦ ទល់នឹង ១១០ ដូចៗគ្នាក្នុងការប្រកួត ចំនួន១២ទឹកពេញ ។

សារព័ត៌មាន BBC របស់អង់គ្លេសបានផ្សាយថា ស្តេចប្រដាល់ជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ Pacquiao បានគ្រប់គ្រង ការប្រកួតស្ទើរតែទាំងស្រុង បើទោះបីជាទឹកទី១ វាយស្ទាបស្ទង់សមត្ថភាព កីឡាករវ័យ៣២ឆ្នាំ ជនជាតិអាមេរិក Bradley ក៏ដោយនៅលើសង្វៀន MGM Grand Garden Arena ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា (ម៉ោងនៅកម្ពុជា) ដែលជាការជួបគ្នាលើកទី៣រវាងពួកគេ ដោយ Pacman ឈ្នះ២ដង និងចាញ់១ដង ។

តែចូលដល់ទឹកទី២ (១ទឹក ៣នាទី) Pacquiao បានស៊កមួយដៃចំចង្ការ ធ្វើឲ្យកីឡាករម្ចាស់ផ្ទះឡើងស៊ើ និងវាយ Bradley រហូតដល់អុកគូថ២ដង ក្នុងទឹកទី៧ និងទី៩ ដែលធ្វើឲ្យគេឈ្នះពិន្ទុដាច់តែម្តង ជាមួយដៃគូដែលធ្លាប់ឈ្នះ Pacquiao នៅទីនេះម្តងកាលពីឆ្នាំ២០១២ បានត្រឹមតែរង និងដកថយ ដើម្បីការពារខ្លួន ពុំបានប្រើកណ្តាប់ដៃក្នុងទឹក ណាមួយធ្វើឲ្យកីឡាករ លំដាប់លេខ២ពិភពលោក Pacquiao ឈឺសាច់ឡើយ។

សូមបញ្ជាក់ផងដែរថា នេះជាកំណត់ត្រាឈ្នះ លើកទី៥៨ដង ពីការឡើងវាយសរុបចំនួន៦៩ប្រកួត ក្រៅពីស្មើ២ដង និងចាញ់៦ដងរបស់ Pacman និងផ្តួលដៃគូឲ្យសន្លប់ នៅលើសង្វៀនបាន៣៨ដង និងផ្តួល Bradley ២ដង ពីការឡើង វាយសរុប៣៧ដងរបស់គេ (Bradley) ។

ក្រោយពីទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់នេះ Manny Pacquiao បាននិយាយថា «ខ្ញុំបានប្តេជ្ញាជាមួយក្រុមគ្រួសារខ្ញុំ ហើយថា ខ្ញុំនឹងចូលនិវត្តន៍ ហើយខ្ញុំក៏រីករាយ នឹងការឈប់ឡើងសង្វៀនដែរ ដោយយកពេលវេលានេះ ជួយមនុស្សជាតិវិញម្តង ដោយបម្រើនយោបាយ នៃប្រទេសហ្វីលីពីន» ។

ដូច្នេះចាប់ពីពេលនេះតទៅ ប្រិយមិត្តទូទាំងពិភពលោក ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ ប្រហែលជាលែងឃើញ និងទស្សនា Manny Pacquiao ឡើងសង្វៀនទៀតហើយ ដូចស្តេចប្រដាល់លំដាប់លេខ១ ពិភពលោក វាយ៤៩ប្រកួតមិនដែលចាញ់ Floyd Mayweather ប្រកាសចូលនិវត្តន៍កាល ពីខែកញ្ញា ឆ្នាំ២០១៥ ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquiao