CamNews

កីឡាអន្តរជាតិ 

ជំនួបរវាង Pacquiao និង Khan ដែលមានទឹកប្រាក់ ៣៨លានដុល្លារ ត្រូវបានលុបចោលវិញ

(ម៉ានីល)៖ ការផ្គូផ្គងឲ្យស្តេចប្រដាល់សកល Manny Pacquiao ប៉ះជើងខ្លាំងអង់គ្លេសនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវបានលុបចោលវិញហើយ នេះបើយោងតាមប្រធានផ្សព្វផ្សាយរបស់ Pacman លោក Bob Arum ថ្លែងប្រាប់ BBC មុននេះ។

លោក Arum បានថ្លែងថា ជំនួបដែលត្រូវបានគេដាក់ឈ្មោះថា «Super Fight» នៅថ្ងៃទី២៣ ខែមេសា ដែលគ្រោងនឹងរៀបចំនៅលើសង្វៀនស្ថិតក្នុងទីក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួមនោះ ត្រូវបានលុបចោលវិញទាំងស្រុង ហើយ។

ប្រធានផ្គូផ្គងរបស់ស្តេចប្រដាល់និមិត្តរូមហ្វីលីពីន វ័យ៣៨ឆ្នាំខាងលើបានបន្តថា «ជើងខ្លាំងវ័យទើបតែ ៣០ឆ្នាំ Amir Khan ពុំមានជាដៃគូប្រកួតរបស់ Pacquiao នាពេលខាងមុខឡើយ ដោយសារតែរឿងកិច្ចសន្យាជាមួយនឹងសង្វៀននៅ អារ៉ាប់រួម»

តែយ៉ាងណាក៏ដោយ លោក Bob Arum មិនបានថ្លែងបញ្ជាក់ថា ដៃគូបន្ទាប់របស់ Manny Pacquiao ថាជានរណានោះទេ តែលោកបានបញ្ជាក់ថា លោកកំពុងតែស្ថិតលើផ្លូវចរចា ដើម្បីស្វែងរកដៃគូបន្ទាប់ឡើងវាយដណ្តើមខ្សែក្រវាត់ WBO ពី Pacman។

សូមរំលឹកផងដែរថា កាលពីសប្តាហ៍មុន Manny Pacquiao បានប្រកាសព្រមព្រៀងឡើងការពារខ្សែក្រវាត់ WBO  ដែលត្រូវជួបជើងអង់គ្លេស Amir Khan នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧ នៅប្រទេសអារ៉ាប់រួម ដែលមានទឹកប្រាក់ ៣៨លានដុល្លារសហរដ្ឋអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquiao