ថៃ ៖ ក្រសួងការបរទេសថៃ បានលុបចោលលិខិតឆ្លងដែនទាំងបួន ដែលគេដឹងថា ត្រូវបានកាន់កាប់ដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ដែលរត់គេចខ្លួនរូបនេះ បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចផ្ដន្ទាទោសលោកស្រី ក្នុងរយៈពេល ៣០ ថ្ងៃ។ ការលុបចោលលិខិតឆ្លងដែននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសដើម្បីនាំខ្លួនអតីតនាយករដ្ឋមន្ត្រីរូបនេះមកទទួលទោសតាមសេចក្ដីសម្រេចរបស់តុលាការជាធរមាន ក្រោយពីការកាត់ក្តីរបស់លោកស្រី លើគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាល លោកស្រី។
អ្នកនាំពាក្យក្រសួងការបរទេសលោក Busadee Santipitaks កាលពីថ្ងៃចន្ទ បានធ្វើការបញ្ជាក់ពីការដកហូតលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ ព័ត៌មានលម្អិតនៃការសម្រេចចិត្តនេះ ត្រូវបានបញ្ចេញមុននេះបន្ដិច ដោយអគ្គមេបញ្ជាការរងនគរបាល លោក Srivara Ransibrahmanakul ។
លោកអគ្គមេបញ្ជាការងលោក Srivara បាននិយាយថា ក្រសួងបានលុបចោលលិខិតឆ្លងដែនចំនួន ៤ ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី ដែលរត់គេចខ្លួននេះ។ លោក បានបន្ថែមថា ក្នុងនោះ មានលិខិតឆ្លងដែនការទូតចំនួនពីរ និងលិខិតឆ្លងដែនធម្មតាចំនួនពីរ។
ការសម្រេចចិត្តរបស់ក្រសួងខាងលើ គឺធ្វើឡើងតាមការស្នើសុំរបស់នគរបាល ដែលកំពុងព្យាយាមកំណត់សមត្ថភាពធ្វើដំណើររបស់លោកស្រី និងដាក់សម្ពាធលើលោកស្រីឱ្យវិលត្រឡប់មកទទួលទោសរបស់ខ្លួនវិញ។
នគរបាល បានដាក់សំណើឱ្យដកហូតលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់ បន្ទាប់ពីលោកស្រី បរាជ័យក្នុងការប្តឹងឧទ្ធរណ៍ទៅសភានៃតុលាការកំពូល ក្នុងរយៈពេល ៣០ ថ្ងៃក្រោយពីនាយកដ្ឋានឧក្រិដ្ឋកម្មនៃតុលាការជាន់ខ្ពស់ ទទួលបន្ទុកដោះស្រាយរឿងក្ដីអ្នកនយោបាយ បានចេញសេចក្ដីសម្រេចផ្ដន្ទាទោសលោកស្រី ។
តុលាការ បានផ្តន្ទាទោសលោកស្រី កាលពីថ្ងៃទី ២៧ ខែកញ្ញាឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំដោយសារតែលោកស្រី បរាជ័យក្នុងការបញ្ឈប់ការលក់ស្រូវអង្ករខុសច្បាប់ និងពុករលួយរបស់រដ្ឋាភិបាល ក្រោមគម្រោងនេះ។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើង ដោយកំបាំងមុខ នៅពេលដែលលោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេស មុនការវិនិច្ឆ័យក្ដីរបស់តុលាការ។
កាលបរិច្ឆេទកំណត់សម្រាប់អតីតនាយករដ្ឋមន្ត្រី ក្នុងការបណ្តឹងឧទ្ធរណ៍ បានផុតកំណត់ កាលពីថ្ងៃសុក្រ។ មេធាវីរបស់លោកស្រី យីងឡាក់ លោក Norawit Lalaeng កាលពីពេលមុនបាននិយាយថា អតីតនាយករដ្ឋមន្ត្រី មិនបានទាក់ទងមករូបលោកនោះទេ ចាប់តាំងពីលោកស្រីបរាជ័យក្នុងការចូលរួមសវនាការស្តាប់សាលក្រមរបស់តុលាការ កាលពីថ្ងៃទី ២៥ ខែសីហា។
តុលាការបានពន្យារពេលប្រកាសសេចក្តីសម្រេច មកថ្ងៃទី ២៧ ខែកញ្ញាវិញ ប៉ុន្ដែលោកស្រី នៅតែគ្មានវត្ដមានចូលរួមដដែល។ កន្លែងលាក់ខ្លួនរបស់លោកស្រី នៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ហើយនគរបាលថៃ បានសុំជំនួយពីប៉ូលិសអន្តរជាតិ ក្នុងបំណងដើម្បីកំណត់ទីតាំងលាក់ខ្លួនរបស់លោកស្រី។
លោកស្រី យីងឡាក់ បានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ មុនពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ជាកន្លែង ដែលលោកស្រីត្រូវបានគេជឿថា បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
នៅពេលដែលកាសែតបាងកកប៉ុស្តិ៍ ស្នើសុំឱ្យធ្វើអត្ថាធិប្បាយនោះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសថៃ លោក Brian Davidson បាននិយាយថា៖ "ខ្ញុំមិនបានដឹងរឿងនេះទេហើយខ្ញុំពុំមានយោបល់អ្វីនោះទេ តែទោះជាយ៉ាងណា រដ្ឋាភិបាលថៃ មានអំណាចលើលិខិតឆ្លងដែនរបស់ជនជាតិថៃគ្រប់រូប”។
លោកក៏បានបដិសេធផងដែរចំពោះការដឹងអំពីកន្លែងស្នាក់នៅរបស់លោកស្រី យីងឡាក់ ។ លោក Somkid Chuakong អតីតអ្នកតំណាងគណបក្សភឿថៃ លោក Ubon Ratchathani បាននិយាយថា លោកយល់ថាលិខិតឆ្លងដែនត្រូវបានដកហូតតាមបទបញ្ជា ប៉ុន្តែលោកគិតថា វានឹងមិនប៉ះពាល់ដល់គណបក្សភឿថៃទេ នៅពេលលោកស្រី យីងឡាក់ ប្រហែលជាមិនធ្វើដំណើរក្នុងអំឡុងពេលនេះ នោះទេ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost