CamNews

កីឡាអន្តរជាតិ 

រុស្ស៊ី ប្រកាស​តម្លៃ​សំបុត្រ ចូល​ទស្សនា​បាល់​ទាត់​ពិភព​លោក World Cup 2018 លើក​ដំបូង

(ម៉ូស្គូ)៖ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី និងគណៈគ្រប់គ្រង FIFA បានចេញសេចក្តីប្រកាសលើកដំបូង អំពីតម្លៃសំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​បាល់​ទាត់ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការហើយ ដោយសំបុត្រថ្លៃមាន រហូតដល់ទៅ ១,១០០​ដុល្លារ​។

អគ្គលេខាធិការ FIFA លោក Fatma Samoura បានថ្លែងប្រាប់ BBC ថា «សំបុត្រសម្រាប់ទស្សនា World Cup 2018 នឹងត្រូវបានដាក់លក់​ចាប់​ពី​រដូវ​ក្តៅ​ខាង​មុខ​ត​ទៅ ពោល​គឺ​ឆ្នាំ​ក្រោយ​នេះ​តែ​ម្តង ដែលសំបុត្រថ្លៃបំផុតមានរហូតដល់ទៅ ១១០០ដុល្លារអាមេរិក និង​សំបុត្រ​ចូល​ទស្សនា​ជុំ​ដំបូង (ជម្រុះ​ក្នុង​ពូល) មាន​តម្លៃ​ចាប់​ពី ១០៥ដុល្លារឡើងទៅ ដែលមានការកើនឡើង ១៦% ប្រើប្រៀបធៀបតម្លៃសំបុត្រទស្សនា World Cup 2014 នៅប្រេស៊ីល»។

អគ្គលេខាធិការខាងលើដដែលបានបន្តថា យើងចង់ឲ្យប្រាកដថាតើតម្លៃសំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំ​ម្តង​នេះ អាច​ទទួល​យក​បាន ឬ​យ៉ាង​ណា ហើយ​មានអ្នកទិញចូលមើលផ្ទាល់បានច្រើនអត់ ហើយវាមានតុល្យភាពគ្នា ទៅនឹងទីផ្សារ ដែរឬយ៉ាងណាខ្លះ?

សូមបញ្ជាក់ផងដែរថា តម្លៃសំបុត្រចូលទស្សនា World Cup 2018 លើកទី១ នៅប្រទេសរុស្ស៊ី ចន្លោះចាប់ពី ១០៥ដុល្លារ ៤៥៥ដុល្លារ និង ៧១០​ដុល្លារ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​វិញ​នោះ មានរហូតដល់ទៅ ១១០០ដុល្លារអាមេរិក ដែលធ្វើឡើងនៅទីក្រុងធំ Moscow របស់​រុស្ស៊ី​ផ្ទាល់​តែ​ម្តង ថ្លៃ​ជាង World Cup 2014 នៅប្រេស៊ីល វគ្គផ្តាច់ព្រ័ត្រ ថ្លៃបំផុតតែ ៩៩០ដុល្លារ និងទាបបំផុត៣៥ដុល្លារតែប៉ុណ្ណោះ តែសម្រាប់អ្នកគាំទ្រប្រទេសជាម្ចាស់ផ្ទះ ត្រូវបានលក់ក្នុង តម្លៃពិសេស Discount មានរហូតដល់ទៅ៥០ភាគរយ។

ទន្ទឹមគ្នានោះដែរ សហព័ន្ធទាំង ៦ប្រចាំទ្វីបនីមួយៗ បានធ្វើការប្រកួតជម្រុះខ្លះៗហើយមានដូចជា OFC (តំបន់អូសេអានី), CAF (តំបន់អាហ្វ្រិក), CONCACAF (អាមេរិក​ខាង​ជើង), CONMEBOL (អាមេរិកខាងត្បូង) និង AFC (តំបន់អាស៊ី) នៅឡើយតែទ្វីបអឺរ៉ុប UEFA ចាប់​ផ្តើម​ប្រកួត​ជម្រុះ​ជុំ​ដំ​បូង​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​សារ​តែ​ជាប់​រវល់​ប្រកួត​ពាន Euro 2016 នៅប្រទេសបារាំង។

កម្ពុជា បានជ្រុះចេញពីវគ្គជម្រុះ World Cup 2018 ក្នុងជុំទី២ នៃពូល E ប្រចាំទ្វីបអាស៊ី ដោយលេង៨ប្រកួតចាញ់រហូត និង​ស៊ុតបញ្ចូលទី​គេ​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ពេល​ចាញ់​សិង្ហបុរី ២-១ ក្រៅ​ពី​របូត ២៧​គ្រាប់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: World Cup 2018 FIFA