(កំពត)៖ កីឡាករបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា មិនបានរួមដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជា ទៅប្រទេសអូម៉ង់ ក្នុងការប្រកួតបង្រ្គប់កិច្ចទល់នឹងក្រុមជម្រើសជាតិស៊ីរី នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដោយសារជាប់ភារកិច្ច ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកឪពុក ចាន់ ចេស្តា ដែលត្រូវឡើងជាអភិបាលខេត្តកំពតថ្មី ។
ក្នុងពិធីប្រកាសតែងតាំងជាផ្លូវការនោះដែរ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងចូលកាន់មុខតំណែង ជាអភិបាលខេត្តកំពតដោយលោក ចាន់ ចេស្តា ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហ៊ួរ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីវិញ ។
ពិធីប្រកាសចូលកាន់តំណែងនេះ ប្រារព្ធធ្វើឡើងនៅឯសាលាខេត្តកំពតចាស់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ជាច្រើននាក់ផងដែរ ។
សូមបញ្ជាក់ដែរថា លោក ចាន់ ចេស្តា ជាឪពុកបង្កើតរបស់កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា ហើយលោក ក៏ទើបនឹងឡើងកាន់តំណែងជា អភិបាលរងខេត្តកំពត កាលពីពេលថ្មីៗនេះផងដែរ ។ នៅពេលនេះលោក ចាន់ ចេស្តា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់សេចក្តីទុកចិត្ត ឲ្យឡើងកាន់តំណែងជាអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហ៊ួរ ដែលត្រូវឡើងមកកាន់តំណែងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៕
ចាន់ វឌ្ឍនាកា ក្នុងក្រុមជម្រើសជាតិ ពេលកម្ពុជា បំបាក់ ម៉ាកាវ ៣-០
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី