(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលចំពោះការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ដោយបានព្រមានថា សព្វាវុធយុទ្ធសាស្រ្តទាំងឡាយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនមកកាន់ទឹកដីកូរ៉េខាងត្បូង គឺកំពុងស្ថិតនៅក្នុងរយៈចម្ងាយដែលយោធាកូរ៉េខាងជើងអាចវាយប្រហារបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកការវាយប្រហារឥតមេត្តា និងសែនច្បាស់លាស់បំផុតពីផ្ទៃដី ផ្ទៃអាកាស ផ្ទៃសមុទ្រ និងក្រោមផ្ទៃទឹក បើសិនណាជាទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនផ្សំគំនិតគ្នាប៉ុនប៉ងរំលោភលើដែនអធិបតេយ្យភាព។
លើសពីនេះសេចក្តីរាយការណ៍ព័ត៌មានរបស់ KCNA បានគំរាមដូច្នេះទៀតថា «កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគួរតែដឹងឲ្យច្បាស់ថា នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ និងសព្វាវុធយុទ្ធសាស្រ្តដ៏ទៃរបស់ពួកចក្រពត្តិអាមេរិក កំពុងស្ថិតនៅក្នុនដែនយុទ្ធសាស្រ្តនៃការវាយប្រហារដ៏សែនច្បាស់លាស់ និងប្រកបដោយអនុភាពខ្លាំងក្លារបស់យោធាកូរ៉េខាងជើងតែម្តង»។
ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំចំនួនពីរគឺ Key Resolve និង Foal Eagle នៅក្នុងខែមីនានេះ ដោយសមយុទ្ធយោធារយៈពេលពីរសប្តាហ៍ Key Resolve បានចាប់ផ្តើមនាថ្ងៃចន្ទម្សិលមិញ ខណៈការហ្វឹកហាត់សមត្ថភាពប្រយុទ្ធ Foal Eagle បាននិងកំពុងបន្តរហូលដល់ចុងខែមេសាខាងមុខនេះ។
គួរបញ្ជាក់ថាសមយុទ្ធយោធានាឆ្នាំនេះ បាននាំយកនូវសព្វាវុធយុទ្ធសាស្រ្តជាច្រើនប្រភេទរបស់ទីក្រុងវ៉ាស៊ីនតោន ដោយរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះចម្បាំង-នុយក្លេអ៊ែរ USS Carl Vinson និងយន្តហោះចម្បាំងជំនាន់ថ្មីធុន F-35B ដែលមានសមត្ថភាពគេចចេញពីប្រព័ន្ធរ៉ាដាបានទៀតផង។ ជុំវិញបញ្ហានេះទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បាននិយាយថាការចល័តសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិកនេះ បង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ក្នុងការបង្កើតល្បែងសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង៕
នាវាផ្ទុកយន្តហោះចម្បាំង-នុយក្លេអ៊ែរ USS Carl Vinson
ប្រភព ៖ យុនហ៉ាប់