CamNews

សុខភាព 

ញ៉ាំអាហារជាតិគីមី ច្រើន គួរសាករូបមន្ដភេសជ្ជៈបណ្ដេញជាតិពុលនេះ

ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ ។ ប្រសិនបើអ្នកធ្វើវា ដោយប្រើផ្លែឈើ និងរុក្ខឱសថនោះ វានឹងក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពក្នុងការបណ្ដេញជាតិពុល ។



ផ្លែប៉ោម សារធាតុប្រឆាំងអុកស៊ីដកម្ម

ផ្លែប៉ោមសម្បូរដោយសារធាតុ quercetin ជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មមួយប្រភេទ ដែលជួយកាត់បន្ថយរាឌីកាល់សេរី ។ វាគឺជាផ្លែមួយប្រភេទ ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រាងកាយរបស់មនុស្សយើង ។

 

ប្រសិទ្ធភាពបណ្ដេញជាតិពុលរបស់ខ្ញី

ភេសជ្ជៈបណ្ដេញជាតិពុល ដែលធ្វើពីខ្ញី និងផ្លែប៉ោម គឺជាការលាយផ្សំដ៏ប្រសើរមួយមុខ ។ វាជួយរាងកាយក្នុងការបណ្ដេញជាតិពុលបែបធម្មជាតិ ដោយកាត់បន្ថយជាតិពុល ដែលកពូន នៅក្នុងរាងកាយ ។ មិនតែប៉ុណ្ណោះ ទឹកផ្លែឈើនេះ ជួយពង្រឹងប្រព័ន្ធស៊ាំរបស់រាងកាយ ទៀតផង ។

ជារួម ការពិសា ទឹកខ្ញី និងផ្លែប៉ោម មុនពិសាអាហារ គឺជាវិធីដ៏ប្រសើរមួយ ដើម្បីញ៉ាំងឱ្យរាងកាយរបស់យើងមានសុខភាពល្អ ។ យើងសូមណែនាំឱ្យអ្នកពិសាទឹកផ្លែឈើនេះ ឱ្យបានរាល់ថ្ងៃ ។

គ្រឿងផ្សំ៖

  • ផ្លែប៉ោមធម្មជាតិ ២ ផ្លែ
  • ក្រូចឆ្មារធម្មជាតិ ១ ផ្លែធំ
  • ខ្ញីស្រស់កិនម៉ត់ ៥ ក្រាម
  • ទឹក
  • ទឹកកក

របៀបធ្វើ

១. លាងផ្លែប៉ោម និងក្រូចឆ្មារឱ្យស្អាត

២. កាត់ផ្លែប៉ោមជាចំណិតតូចៗ

៣. ច្របាច់ក្រូចឆ្មារចូល

៤. ដាក់ខ្ញីចូល លាយឱ្យសព្វ និងកិនក្នុងម៉ាស៊ីនទឹកក្រឡុកបន្ដិច

៥. ដាក់ទឹកកកពិសា ដើម្បីកាត់បន្ថយជាតិហិររបស់ខ្ញី

៦. យើងសូមណែនាំឱ្យអ្នកពិសា ទឹកផ្លែឈើស្រស់នេះ មុនអាហារពេលព្រឹក ដើម្បីទទួលបានប្រសិទ្ធភាពបន្សុទ្ធ និងបណ្ដេញជាតិពុលកាន់តែប្រសើរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Steptohealth