CamNews

កីឡាអន្តរជាតិ 

Liverpool និង Sevilla ឡើង​​ទៅ​ជួប​គ្នា​នៅ​វគ្គផ្តាច់​ព្រ័ត្រ​នៃ​ពាន Europa League ក្រោយ​ទម្លាក់គូ​..

(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool របស់អង់គ្លេស បានឡើងទៅជួបក្រុមការពារតំណែងជើងឯក Sevilla របស់អេស្ប៉ាញ ដើម្បី​ប្រជែង​យក​ពាន​លំដាប់​ទី​២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ឆ្នាំ២០១៦ បន្ទាប់ពីទម្លាក់ ក្រុមភ្ញៀវ Villarreal ៣-០ គ្រាដែល Sevilla ឈ្នះ Shakhtar Donetsk ៣-១ ។

សារព័ត៌មាន BBC បានផ្សាយថា Liverpool បានធ្វើការវាយបកឈ្នះវិញដ៏ភ្លូកទឹកភ្លូកដីនៅកីឡដ្ឋាន Anfield របស់ខ្លួន យប់មិញដោយ​លទ្ធផល​បច្ចេក​ទេស ៣-០ ដាច់មិនឲ្យតដៃរួចក្នុងជើងទី២ ក្រោយជើងទី១ បានរបូត ១-០ នៅក្នុងទឹកដី របស់ Villarreal ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង Liverpool ៣ និង Villarreal ១ ។

៣គ្រាប់របស់ក្រុមហង្សក្រហមយប់មិញ គឺបានកើតឡើងនៅនាទីទី៧ ដោយគ្រាប់បាល់ Own Goal របស់កីឡាករ Bruno Soriano មុន​ពេល Daniel Sturridge និងមិត្តរួមក្រុម Adam Lallana រកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីទី៦៣ និងនាទីទី៨១ ជាមួយនឹងកីឡាករ Victor Ruiz របស់ Villarreal ត្រូវបានពិន័យកាតក្រហមនៅនាទីទី៧១ផងដែរ ។

ងាកមកមើលក្រុមការពារតំណែងជើងឯកពាន Europa League ២សម័យកាលជាប់ៗគ្នា Sevilla វិញ បានបន្តបំបាក់ ក្រុមភ្ញៀវ Shakhtar Donetsk ៣-១ ក្រោយពេលជើងទី១ នៅទឹកដីអ៊ុយក្រែនទប់បានស្មើ ២-២ ជាមួយនឹងការសរុប លទ្ធផលទាំងពីរជើងគឺ Sevilla ៥ និង Shakhtar Donetsk ៣ ដើម្បីឡើងទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦ នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool