(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់អាជីព Everton បានប្រកាសឧបត្ថម្ភជាទឹកប្រាក់ចំនួន ២០ម៉ឺនផោនដល់ក្មេងប្រុស Bradley Lowery ដើម្បីព្យាបាលជំងឺមហារីករបស់គេនៅសហរដ្ឋអាមេរិក នាពេលដ៏ខ្លីខាងមុខនេះ។
តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសចេញផ្សាយនៅថ្ងៃនេះថា ក្មេងប្រុសដែលមានវ័យទើបតែ ៥ឆ្នាំ Bradley បានមានជំងឺមហារីកខួរក្បាល នឹងត្រូវបានទឹកប្រាក់រហូតដល់ទៅ ៧០ម៉ឺនផោន ដើម្បីធ្វើការវះកាត់នៅមន្ទីរពេទ្យសហរដ្ឋអាមេរិក ខណៈដែលក្មេងប្រុសរូបនេះជាអ្នកគាំទ្ររបស់ក្លឹបឆ្មាខ្មៅ Sunderland។
ក្មេងប្រុសដ៏ក្លាហានម្នាក់នេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កីឡាករ និងអ្នកគាំទ្រឯទៀតក្នុងជំនួបរវាងម្ចាស់ផ្ទះ Sunderland ចាញ់ក្រុមភ្ញៀវ Everton ៣-០ យប់មិញនេះក្នុងសប្តាហ៍ទី៤ នៃ Premier League នៅឯពហុកីឡដ្ឋាន Stadium of Light។
នេះជាលើកទី២ ហើយសម្រាប់ក្មេងប្រុស Bradley ដែលមានជំងឺសរសៃប្រសាទបែបនេះ និងត្រូវការព្យាបាលនៅសហរដ្ឋអាមេរិកផងដែរ គ្រាដែលក្លឹប Everton នឹងអញ្ជើញក្រុមគ្រួសាររបស់គេមកពហុកីឡដ្ឋាន Goodison Park នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីត្រឡប់មកពីព្យាបាលនៅអាមេរិកវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង