CamNews

កីឡាអន្តរជាតិ 

Pacquiao និង Bradley បានធ្វើដំណើរមកដល់ Las Vegas ហើយ មុនឡើងវាយថ្ងៃអាទិត្យ ទី១០

(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលលំដាប់លេខ២ ពិភពលោក Manny Pacquiao និង Timothy Bradley បានជិះយន្តមកដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដើម្បីត្រៀមឡើងសង្វៀន MGM Grand Arena នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសាចុងសប្តាហ៍នេះជាកំណត់ ដែលជាជំនួបលើកទី៣ របស់ពួកគេ។

សារព័ត៌មាន Dailymail ដ៏ល្បីរបស់អង់គ្លេសបានចុះផ្សាយថា កីឡាករនិម្មិត្តរូបរបស់ហ្វីលីពីន Pacquiao នឹងប្រកាសចូលនិវត្តន៍ ក្រោយបញ្ចប់១ប្រកួតនេះទល់នឹងកីឡាករជើងខ្លាំងអាមេរិក Bradley វ័យ៣៥ឆ្នាំ តែកីឡាករវ័យ៣៧ឆ្នាំ Pacquiao បានថ្លែងប្រាប់ AFP ថា «ខ្ញុំកំពុងស្ថិតក្នុងការពិចារណានៅឡើយ ហើយមិនបាននិយាយថា «Yes ឬក៏ No» នោះដែរ។ ពិតណាស់ខ្ញុំមិនទាន់បញ្ចប់ទេ ដោយខ្ញុំចង់ស្វែងរកមេដាយជូនជាតិបន្ថែមទៀត​ នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលខាងមុខ»

តែយ៉ាងណាក៏ដោយ មិនយូរទេ Pacquiao ច្បាស់ជាលាឈប់ពីអាជីពឈឺសាច់នេះជាផ្លូវការ ព្រោះបច្ចុប្បន្នរូបគេមាន វ័យកាន់តែចាស់ហើយ និងញ៉ាំញីដោយបញ្ហារបួសស្មាខាងឆ្វេងទៀត ក្រោយវាយចាញ់ Floyd Mayweather ដោយ ពិន្ទុកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ នៅលើសង្វៀន MGM Grand Arena នេះដូចគ្នា តែ Pacquiao ជាកីឡាករ តែមួយគត់ ដែលធ្វើឲ្យ Bradley ស្គាល់រសជាតិចាញ់កាលពីសងសឹកបានសម្រេចឆ្នាំ២០១៤ នៅប្រទេសចិន។

អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក៨ជំនាន់ Manny Pacquiao មានប្រវត្តិប្រកួត៦៥ដង ឈ្នះ៥៧ដង ស្មើ២ដង ចាញ់៦ដង និងធ្លាប់ផ្តួលគូប្រកួតសន្លប់បាន៣៨ដង ខណៈដែលគូប្រជែង Timothy Bradley ទម្ងន់៦៩គីឡូក្រាម ធ្លាប់ ឡើងវាយបាន៣៦ដង ឈ្នះ៣៣ដង ស្មើ១ដង ចាញ់១ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់នៅលើសង្វៀនបាន១៣ដង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Bradley Pacquiao