(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៥៣នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឡើងជាទឹកជំនន់ដ៏អាក្រក់ នៅតំបន់ Gilgit Baltistan ខេត្ត Kyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយមុននេះ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
ចំពោះតំបន់ក្នុងខេត្ត ដែលស្ថិតនៅក្បែរទីក្រុងប៉េសាវ៉ា នោះគឺទទួលរងគ្រោះខ្លាំងជាងគេ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទទួលរងការបំផ្លាញ។ ផ្នែកមួយចំនួននៃខេត្ត Kyber Pakhtunkhwa បានទទួលរងទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ថ្នល់ និង លំនៅដ្ឋាន ព្រមទាំងតូបលក់ដូរ របស់ប្រជាជនផងដែរ។
នេះជាហេតុការណ៍ដ៏ចម្លែកមួយ នៃភ្លៀងធ្លាក់បង្កជាទឹកជំនន់ដ៏អាក្រក់ ស្របពេលដែលពិភពលោក ទាំងមូលកំពុងតែទទួលរងគ្រោះរាំងស្ងួត មិនធ្លាប់មាននោះ៕
ប្រភព ៖ ប៊ីប៊ីស៊ី និងស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី