(បាងកក)៖ ខណៈមនុស្សទូទាំងពិភពលោកមានភាពភ្ញាក់ផ្អើលចំពោះរដ្ឋាភិបាលថៃ ដែលបានដាក់ចេញនូវគោលការណ៍កាន់មរណៈទុក្ខ និងមានវិធានការណ៍យ៉ាងតឹងរឹងចំពោះការសោយទីវង្គត់របស់ព្រះរាជា ភូមិប៊ុល អាឌុលយ៉ាដេត រហូតដល់រយៈពេលមួយឆ្នាំនោះ ប្រជាពលរដ្ឋថៃ ភាគច្រើនមានភាពសោកស្តាយជាខ្លាំងចំពោះការបាត់បង់ទ្រង់ ប្រៀបបាននឹងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួនដូច្នោះដែរ។
វាជារឿងគួរឱ្យកត់សម្គាល់មួយ បន្ទាប់ពីយើងសង្កេតឃើញថា ប្រជាពលរដ្ឋថៃទាំងក្មេង ទាំងចាស់ បង្ហាញទុក្ខក្រៀមក្រំ ចំពោះការបាត់បង់ព្រះរាជា ដែលខ្លួនស្ទើរតែមិនធ្លាប់បានជួបផ្ទាល់ទាល់តែសោះក្នុងមួយជីវិតរបស់ពួកគេ។ មនុស្សជាច្រើនបង្ហាញការព្រួយបារម្ភថា ការបាត់បង់វីរៈជនមួយរូប ដែលធ្លាប់ដើរតួនាទីក្នុងការបង្រួមបង្រួមប្រទេសជាតិ ដែលធ្លាប់មានប្រវត្តិបែកបាក់កន្លងមក អាចបង្កជាការគំរាមកំហែង បង្កើតជាអស្ថិរភាពក្នុងប្រទេសថៃ។
ដើម្បីបង្ហាញការគោរពចំពោះព្រះរាជា ដែលបានសោយរាជ្យសម្បត្តិអស់រយៈពេល៧០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការណ៍ជាច្រើន ក្នុងឱកាសនៃការកាន់មរណៈទុក្ខចំពោះទ្រង់ក្នុងនោះមានដូចជា៖
* ប្រព័ន្ធផ្សព្វផ្សាយ៖
រាល់កម្មវិធីក្នុងទូរទស្សន៍ ត្រូវបានជំនួសដោយឯកសារជីវប្រវត្តិរបស់ព្រះមហាក្សត្រ ហើយកម្មវិធីកំសាន្តនានា ត្រូវបានផ្លាស់ប្តូរទៅជាសារលើកតម្កើនទ្រង់វិញ។ ចំណែកគេហទំព័រនានាត្រូវបានប្តូរពណ៌ទៅជាខ្មៅ និងស ជាក់ស្តែងដូចជា គេហទំព័រ Bangkok Post ជាដើម។ មិនតែប៉ុណ្ណោះសូម្បីស្ថានីយ៍ផ្កាយរណប របស់បរទេសដែលផ្សព្វផ្សាយក្នុងប្រទេសថៃដូចជា BBC និង CNN ក៏ត្រូវបានប្តូរទៅជាពណ៌ស និងខ្មៅផងដែរ។
សារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ថា រាល់កម្មវិធីកំសាន្តក្នុងប្រទេសថៃ ត្រូវបានហាមឃាត់រយៈពេលមួយខែ ព្រមទាំងបានព្រមាន ដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ធ្វើយ៉ាងណាអនុវត្តន៍តាមពិធីការរបស់ព្រះរាជវាំង។ ជាមួយគ្នានេះដែរ សភាថៃ បានស្នើក្រុមហ៊ុន Google និង Youtube លុបចោលរាល់ព័ត៌មានទាំងឡាយដែលបង្ហាញការប្រមាថចំពោះព្រះមហាក្សត្រ។ ស្ត្រីម្នាក់ដែលរងការចោទប្រកាន់ថា បានប្រមាថព្រះរាជា ត្រូវបានគេបង្ខំឲ្យលុតជង្គង់នៅពីមុខរូបថតរបស់ទ្រង់ នៅទីស្នាក់ការប៉ូលីសចំពោះមុខមនុស្សជាច្រើន។
* សេវាកម្មសាធារណៈ៖
នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមានការស្នើដល់ភ្ញៀវរបស់ខ្លួនធ្វើយ៉ាងណា បង្ហាញការគោរពចំពោះកម្មវិធីកាន់មរណៈទុក្ខ។ ចំណែកកម្មវិធី កំសាន្តនៅខាងក្រៅដូចជា រោងកុន ក្លឹបរាត្រី រោងមហោស្រប បានប្រកាសថា បានបិទទ្វា ឬដំណើរការដោយកាត់បន្ថយម៉ោង។ សម្រាប់កន្លែងការងារ សាលារៀន និងសេវាកម្មសាធារណៈដូចជា ធនាគារ ការិយាល័យរដ្ឋាភិបាល ត្រូវបានបើកដំណើរការវិញស្ទើរដូចធម្មតា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋថៃ ការបាត់បង់នេះរាជាជាទីស្រឡាញ់របស់ខ្លួន ហាក់ធ្វើឱ្យអ្វីៗនឹងមិនដូចមុនឡើយ។
* ព្រឹត្តិការណ៍នានា៖
ដោយយោងតាមវិធានការណ៍ទប់ស្កាត់ការកំសាន្តសប្បាយនានា ក្នុងអំឡុងនៃការកាន់មរណៈទុក្ខ ហេតុនេះព្រឹត្តិការណ៍កីឡាដែលមានដូចជា ការប្រកួតបាល់ទាត់ ឬកីឡាប្រដាល់ជាដើម ត្រូវផ្អាក ឬលុបចោលរយៈពេល៣០ថ្ងៃ។ ព្រឹត្តិការណ៍មួយចំនួនផ្សេងទៀតដូចជា ពិធីជប់លាងរាត្រីចន្ទពេញវង់ ពិធីជប់លៀង នាពេលរាត្រីប្រចាំខែនៅកោះ Kon Pha Ngan ដែលទាំងនេះសុទ្ធតែជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន សន្ធឹកសន្ធាប់នឹងត្រូវបានលុបចោល។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ផ្សេងៗដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខដូចជា ការប្រគុំតន្រ្តី Morrissey និងខួបលើកទី៥០ នៃទិវាទេសចរណ៍ពិភពលោក ក៏ត្រូវបានលុបចោលផងដែរ។
* កន្លែងកំសាន្តនៅពេលរាត្រី
នៅក្នុងឱកាសនៃការកាន់មរណៈទុក្ខ នៅតាមដងផ្លូវមួយក្នុងប្រទេស ថៃ ដែលប្រមូលផ្តុំដោយក្លឹបរាត្រីប្រមាណជា៤០កន្លែង ធ្លាប់តែមានសភាពអ៊ូអរពោរពេញ ដោយស្ត្រីជាជនជាតិថៃ និងបុរសបរទេស បែរជាមានភាពស្ងប់ស្ងាត់ និងងងឹតសូន្យ ភ្លើងពណ៌ទាក់ទាញទាំងអស់ស្ទើរតែគ្មាន។ រាល់កន្លែងកំសាន្តទាំងអស់ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ជាតិអាគុល កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចាប់ផ្តើមលក់សារជាថ្មីកាលថ្ងៃទី១៨ ខែតុលាកន្លងទៅនេះ។
ចំពោះកម្មវិធីកំសាន្តនៅតាមមហាវិថីនានា ក៏ត្រូវបានស្នើឱ្យធ្វើយ៉ាងណា រក្សាការគោរពចំពោះទ្រង់ ព្រមទាំងមិនត្រូវបានអនុញ្ញាតឱ្យប្រគុំតន្រី្តលឺនោះឡើយ។
រដ្ឋាភិបាល បានស្នើធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាកន្លែងកំសាន្តតាមដងផ្លូវដូចជា បារ ឬក្លឹបរាត្រី ដើម្បីសម្រេចថា តើគួរបើកដំណើរការឬទេ ក្នុងអំឡុងនៃការកាន់មរណៈទុក្ខនេះ។ ម្ចាស់ភោជនីយដ្ឋាន និងបារតូចៗមួយចំនួន ក្នុងទីក្រុង បាងកក បានថ្លែងប្រាប់សារព័ត៌មាន CNN ថា ពួកគេនឹងបន្តបើកដំណើរការ និងលក់ជាអាកុលដូចធម្មតា ដោយគ្រាន់តែលុបចោលរាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងពេលខាងមុខប៉ុណ្ណោះ។
ម្ចាស់បារជនជាតិអូស្រ្តាលីម្នាក់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ Khaosan ដែលទទួលបានប្រជាប្រិយភាពជាខ្លាំងនោះ បានដាក់បម្រើស្រាបៀតិចតួចដល់ភ្ញៀវបំផុត ដោយបារម្ភខ្លាចក្រែងមានប៉ូលីសចុះត្រួតពិនិត្យ។
ជាមួយគ្នានេះដែរ អតិថិជនដែលនិយមជាតិអាកុលទាំងអស់ ត្រូវបានគេស្នើឱ្យផ្លាស់ប្តូរទៅបរិភោគភេសជ្ជៈវិញ និងលុបបំបាត់ការប្រគុំតន្ត្រីលឺៗដើម្បីការពារករណីមាន យោធាចូលត្រួតពិនិត្យ។ យ៉ាងនេះក្តីភ្ញៀវទេចរណ៍មួយចំនួននៅតែទទូចស្វែងរកអ្វីដែលខ្លួនចង់បាន ដោយការមិនបើកចំហ។
* វិស័យការងារ៖
បុគ្គលិកភាគច្រើនមានការបារម្ភខ្លាចបាត់បង់ប្រាក់បៀវត្សរ៍របស់ខ្លួន បន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនទេចរណ៍ និងអាកាសចរណ៍កំពុងមានការធ្លាក់ចុះ បើទោះបី ជាអ្នកជំនាញភាគច្រើនគិតថា ផលប៉ះពាល់ទៅលើវិស័យទេចរណ៍ថៃមិនមានទំហំធំធេងពេកនោះទេ។ ឧទារណ៍ក្រុមហ៊ុន V8 Diner ដែលមានទីតាំងស្ថិតនៅទីក្រុង បាងកក ដែលបានបិទទ្វាររយៈពេលពីរថ្ងៃ បានខាតបង់ទឹកប្រាក់ប្រមាណ២.៨០០ដុល្លារ។
លោកស្រី Bam អ្នកគ្រប់គ្រងទូទៅបានបដិសេធមិនបញ្ចេញឈ្មោះ ដោយខ្លាចមានបញ្ហាដោយសារច្បាប់ប្រឆាំងការប្រមាថស្តេចបានបញ្ជាក់ថា «យើងគ្មានអារម្មណ៍ធ្វើការនោះទេក្នុងស្ថានភាពនេះ ដោយសារគ្រប់គ្នាកំពុងយំសោក និងមានទុក្ខព្រួយ។
ចំពោះអ្នកប្រកបអាជីពជាអ្នកបម្រើផ្លូវភេទ អ្នករាំ និងអ្នកបម្រើការសប្បាយភាគច្រើនបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ដោយរងចាំដល់ពេលបញ្ចប់ការ កាន់មរណៈទុក្ខទើបត្រឡប់មកវិញ។ យ៉ាងនេះក្តីស្ត្រីរកស៊ីផ្លូវភេទម្នាក់បានបញ្ជាក់ថា ប្រាក់ចំណូលរបស់នាងបានកើនឡើងទ្វេដង រហូតដល់២០០ដុល្លារក្នុងមួយថ្ងៃ ដោយសារបុរសជាច្រើនគ្មានកន្លែងដែលត្រូវទៅ។
* ការស្លៀកពាក់៖
ក្នុងអំឡុងនៃដំណាក់កាលកាន់មរណៈទុក្ខ ប្រជាពលរដ្ឋថៃ តម្រូវឱ្យស្លៀកពាក់ពណ៌ខ្មៅ ស ឬពណ៌ក្រម៉ៅ (ចំពោះបុគ្គលិករដ្ឋ និងញាតិវង្សស្តេចត្រូវស្លៀកពាក់ខ្មៅ ពេញមួយឆ្នាំ)។ សូម្បីស្ត្រីបម្រើផ្លូវភេទមួយចំនួន ត្រូវបានស្នើឲ្យស្លៀកពាក់ខ្មៅ ដើម្បីបង្ហាញការគោរពចំពោះព្រះរាជា បន្ទាប់ពីមាននាយករដ្ឋមន្ត្រីស្នើឲ្យធ្វើបែបនេះ។
យ៉ាងនេះក្តី សម្រាប់អ្នកធ្វើដំណើរ ឬជនបរទេស មិនតម្រូវឱ្យស្លៀកពាក់ខ្មៅនោះទេ គឺគ្រាន់តែបង្ហាញការគោរព គឺគ្រាប់គ្រាន់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេចរណ៍ បានដាក់សំណើថា បើសិនជាអាច ភ្ញៀវទេចរណ៍មិនគួរតែស្លៀកពាក់ឆើតឆាយឡើយ សូមបង្ហាញការគោរពនៅពេលដើរលេងនៅតាមទីសាធារណៈ។
ចំណែកនៅរមនីយដ្ឋាននៅតាមឆ្នេរ ដែលជាគោលដៅទេសចរណ៍ក្នុងប្រទេស ថៃ នៅតែបន្តបើកទ្វាដូចធម្មតា។ បុគ្គលិកសណ្ឋាគារម្នាក់បានប្រាប់ភ្នាក់ងារ សារព័ត៌មានថា អ្នកទេសចរណ៍ត្រូវបានអនុញ្ញាតឱ្យកំសាន្តនៅតាមឆ្នេរ ជាមួយនឹងសម្លៀកបំពាក់ងូតទឹកដូចធម្មតា ប៉ុន្តែមិនអនុញ្ញាតឲ្យមាន ពិធីជប់លាងនៅតាមឆ្នេរឡើយ។
សូមជម្រាបថា ការកាន់មរណៈទុក្ខចំពោះការបាត់បង់ព្រះមហាក្សត្រថៃ ធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យឧស្សាហកម្មទេសចរណ៍ខ្លាំងជាងគេ ដោយសារតែ សេវាកម្មកំសាន្តសប្បាយមួយចំនួនត្រូវបានផ្អាកដំណើរការ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី