(ភ្នំពេញ)៖ ស្នងការនគរបាល ខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ជនសង្ស័យជាឃាតកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ តាមចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មរំលោភរួចសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅស្រុកឈូក ខេត្តកំពត ។
លោកឧត្តមសេនីយ៍ស្នងការខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ចន្ថា ហៅទុយ អាយុ១៨ឆ្នាំ កំណើតភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ហើយត្រូវចាប់ខ្លួននៅកន្លែងធ្វើសំណង់ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោយពេលដែលជនសង្ស័យម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃកើតហេតុ ឈ្មោះ ថន រ៉ាត់ អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីម្នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅ ចំណុចគំនរចំប៉ើង កន្លែងដាច់ស្រយាលមួយ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
មន្រ្តីនគរបាលស្រុកឈូក បានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះបានចេញពីផ្ទះទៅរៀនតាំងពីព្រឹកថ្ងៃទី១៩ រហូតដល់ល្ងាច បងប្អូនកុមារី រងគ្រោះ មិនបានឃើញ ត្រឡប់មកផ្ទះវិញក៏បានបបួលគ្នាចេញទៅដើររក តែមិនឃើញទេលុះព្រឹកឡើង ថ្ងៃនេះទើបប្រជាពលរដ្ឋ ដើរប្រទះឃើញសាកសព នៅចំណុចកើតហេតុខាង លើ ហើយក៏បានទំនាក់ទំនងមកកម្លាំងនគរបាលភ្លាម ឲ្យចុះទៅជួយអន្តរាគមន៍ និងពិនិត្យសព។ នគរបាលដដែលឲ្យដឹងទៀតថា កុមារីរងគ្រោះមានឪពុក តែកំព្រាម្តាយ រស់នៅជាមួយបងប្អូន ដោយឪពុកមិនបាននៅផ្ទះទេ គឺចេញទៅ លេងបងប្អូននៅឯខេត្តបាត់ដំបងឯណោះ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី