(ភ្នំពេញ)៖ អតីតតារាសម្តែងពូកែបង្ហូរសម្រក់ទឹកភ្នែក អ្នកនាង សារាយ សក្ខណា បន្ទាប់ពីសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ជាផ្លូវការជាមួយបុរសអាណិជនខ្មែរអាមេរិក នឹងបានចេញទៅរស់នៅ សាងសុភមង្គលស្នេហា ជាប្តីប្រពន្ធ អស់រយៈពេលមួយសន្ទុះធំ រហូតបានចំណងដៃកូនស្រីម្នាក់ផងនោះ ឥឡូវត្រូវបានប្រភពទម្លាយថា នាងសុំស្វាមី ដើម្បីបំពេញឯកសារនាំកូនត្រឡប់ មករស់នៅក្នុងស្រុកខ្មែរ នាពេលឆាប់ៗខាងមុខនេះវិញ។
ប្រភពពីអ្នកជិតស្និទ្ធ ជាមួយនាងបានបង្ហើបប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា បច្ចុប្បន្នអ្នកនាង សារាយ សក្ខណា បានកំពុងតែស្វះស្វែង ដើម្បីរៀបចំធ្វើឯកសាផ្ទេរសុំ ត្រឡប់វិលមករស់នៅស្រុកខ្មែរ បន្ទាប់ពីរស់នៅជាមួយស្វាមីនិងក្រុមគ្រួសារសាច់ថ្លៃ អស់រយៈពេលប៉ុន្មានឆ្នាំមក មក។ ការវិលត្រឡប់របស់អតីតតារាស្រី នាង សារាយ សក្ខិណា ពេលឆាប់ៗខាងមុខនេះ គឺនាងក៏មានគម្រោងយកកូនស្រី អាយុប្រហែលមួយខួប មកជាមួយគ្នាផងដែរ។
ដោយឡែកសម្រាប់ស្វាមីរបស់ អ្នកនាង សារាយ សក្ខណា គឺលោក កែវ មេត្រី ត្រូវបានប្រភព ដដែលនេះបញ្ជាក់ថា លោកមិនត្រឡប់មករស់នៅស្រុកខ្មែរ តាមភរិយា និងកូនស្រីជាទីស្រលាញ់របស់ខ្លួនឡើយ ព្រោះលោកត្រូវរស់នៅបំពេញការងារ នៅទីនោះដូចមុនដដែល គ្រាន់តែប្តីរបស់នាង មានគម្រោងឡើងចុះមកប្រទេសកម្ពុជា ក្នុងមួយឆ្នាំ៤ឬ៥ដង ដើម្បីមកលេងជួបជុំភរិយា និងកូនតែប៉ុណ្ណោះ។
ដំណើរនៃការវិលត្រឡប់ ពីសំណាក់តារាស្រីនាង សារាយ សក្ខណា ដើម្បីមករស់នៅស្រុកខ្មែរពេលនេះមិនត្រូវបានប្រភពណា បញ្ជាក់ប្រាប់ច្បាស់នៅឡើយទេថាបណ្ដាលមកពីមូលហេតុអ្វីប្រាកដ ឬមួយមានបញ្ហាអ្វីនោះទេ។ Khmertalking នៅថ្ងៃទី០២ មករា នេះ មិនទាន់ទទួលបានការបំភ្លឺ ណាមួយពីក្រុមគ្រួសារ ឬសាម៉ីខ្លួននាងផ្ទាល់ជុំវិញ គម្រោងនៃការវិលត្រឡង់ មករស់នៅស្រុកខ្មែរវិញនេះដែរ។
គួររំឭកថា ពិធីមង្គលការរបស់អតីតពិធីការិនី និងតារាសម្តីផ្អែម អ្នកនាង សារាយ សក្ខណា គឺជាពិធីដែលរៀបចំធំជាងគេ ប្រចាំឆ្នាំ២០១៣ ដោយនាងនិងស្វាមីបានចាយទុន មិនតិចម៉ឺនដុល្លាទេ ក្នុងការរៀបចំពិធីឲ្យមើលទៅល្អប្រណិត និងលេចធ្លោលើសតារាដទៃ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី