ភ្នំពេញ៖ តារាស្រីសម្ដីមុតស្រួច ពេជ្រ សេរីរ័ត្ន កន្លងមកធ្លាប់តែដើរតួ ជាអ្នកសម្ភាសន៍ អ្នកសិល្បៈគ្រប់ស្រទាប់ នៅក្នុងកម្មវិធី «តុបំភ្លឺ» នៅពេលដែលអ្នកសិល្បៈទាំងនោះ បានពើបប្រទះ នឹងព័ត៌មានរសើបម្តងៗ ដើម្បីឲ្យមានការបកស្រាយពី រឿងរ៉ាវ និងជីវិតពិត ឲ្យមហាជនបានដឹង។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេបែរជាឃើញ ពិធីការិនីរូបនេះ បែរជាជួបប្រទះព័ត៌មាន គួរឲ្យភ្ញាក់ផ្អើមមួយ ដោយមានការចោទប្រកាន់ថា នាងដណ្តើមប្តីគេ ពោលហៅគេថា«ប្ដី»ពេញៗមាត់ឌឺដង ដាក់ភរិយាគេ រហូតដល់គេទ្រាំមិនបាន ទៅរករឿងដល់ផ្ទះ ។
យ៉ាងណាមិញ ក្រោយពីមានព័ត៌មានបែបនេះ លេចឮភ្លាម តារាស្រី នាង ពេជ្រ សេរីរ័ត្ន បានប្រញាប់ប្រញាល់ប្រតិកម្មតបតភ្លាមៗ ទៅនឹងការរិះគន់ថា ជារឿងមិនពិត នាងមិនដែលមាន ទំនាក់ទំនងស្នេហា ជាមួយប្តីគេនោះទេ ។
ពេលថ្មីៗនេះ តារាសម្តែង និងជាពិធីការិនីរូបស្រស់ សម្បូរអាថ៌កំបាំងស្នេហា ប្រចាំស្ថានីយទូរទស្សន៍ MyTV ពេជ្រ សេរីរ័ត្ន បានជួបប្រទះនឹងការរិះគន់យ៉ាងចាស់ដៃ នៅពេលដែលនាង បានថតរូបកៀកកើយ ជាមួយបុរសវ័យជាង៣០ឆ្នាំម្នាក់ ហើយយកមកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាសាធារណៈហើយពោលពាក្យ ហៅបុរសម្នាក់នោះថា «ប្តី»ពេញៗមាត់ ដោយគេចាត់ទុកថា ជាចេតនា ធ្វើដើម្បីបញ្ឈឺចិត្តភរិយា ដើមរបស់គេ ។ បន្ទាប់ពីមានការបង្ហោះ រូបបែបនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឮ ព័ត៌មានភ្ញាក់ផ្អើលថា មាននារីម្នាក់ដែលគេស្គាល់ថា ជាភរិយាស្របច្បាប់របស់ បុរសខាងលើនេះ បានទៅរករឿងនាងដល់ផ្ទះ និងគំរាមនាងឲ្យឈប់ទាក់ទងប្តី របស់ខ្លួនថែមទៀតផង ។
បន្ទាប់ពីមានរឿងរ៉ាវលេចឮបែបនេះភ្លាម ពិធីការិនីសម្បូរវោហារស័ព្ទ នាង ពេជ្រ សេរីរ័ត្ន បានចេញមុខបដិសេធ ដោយសរសេរ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា រឿងគ្រប់យ៉ាងដែលលេចឮ មិនមែនជាការពិតឡើយ ហើយក៏គ្មានអ្នកណាមករករឿងនាង ដូចការលើកឡើងនោះដែរ ។
តារារូបនេះបានសរសេររៀបរាប់ឲ្យដឹងទៀតថា «បុរសម្នាក់នោះ គឺជាមិត្តភក្តិរបស់ខ្ញុំ ហើយរឿងរ៉ាវគ្រប់យ៉ាង គឺជារឿងបំភ្លៃការពិត ការសរសេរព័ត៌មាន គឺគ្មានការសម្ភាសន៍ខ្ញុំឡើយ»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល