(ភ្នំពេញ)៖ មុននេះបន្តិចមានមហាជនជាច្រើន បានចាប់អារម្មណ៍ និងធ្វើការរិះគន់ជាថ្មី លើក្រុមការងារវិទ្យុ ABC ជាពិសេស គឺអាចារ្យ អេ ដែលបានបោះពាក្យសម្តី ហាក់មើលងាយកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសលោក ព្រាប សុវត្ថិ ថា «ជាមនុស្សស្រែៗខ្លាំងណាស់» ខណៈមានទស្សនិកជនជាច្រើន ក៏បានបង្ហាញអារម្មណ៍ មិនពេញចិត្តរហូតទាមទាឲ្យ ABC ចេញមុខសុំទោស តារាចម្រៀងលោក ព្រាប សុវត្ថិ ជាសាធារណៈ លើកំហុសឆ្គងរបស់ខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីមានប្រតិកម្មរិះគន់ និងទាមទារឲ្យវិទ្យុ ABC ចេញមុខសុំទោស លោក ព្រាប សុវត្ថិ ពីសំណាក់មហាជនអ្នកគាំទ្ររួចមក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ គេក៏សង្កេតឃើញនៅលើ Page ហ្វេសប៊ុក ផ្លូវការ របស់វិទ្យុមួយនេះ បានបង្ហោះភ្ជាប់ជាមួយឃ្លីបវីដេអូថ្មីមួយទៀត ដោយបានសរសេរថា ឆ្លើយតប និងសុំទោសតារាចម្រៀងល្បីលំដាប់ប្រទេស លោក ព្រាប សុវត្ថិ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដែលបានធ្វើឡើងកាលពីមួយថ្ងៃមុននេះ ប្រធានវិទ្យុ ABC គឺអាចារ្យ អេ បានលើកយករឿងរបស់តារាសម្តែង ប្រុស លោក ចន អេឡិចហ្សូរ៉ា ដែលបានបញ្ចេញទស្សនៈគាំទ្រ ការផលិតកម្មវិធីរបស់វិទ្យុមួយនេះ ដោយបានលើកឡើងថា ចន អេឡិចហ្សូរ៉ា មិនត្រឹមតែស្អាតរូបរាង ខាងក្រៅនោះទេ គឺបេះដូងខាងក្នុងក៏ស្អាតទៀត។ ដោយឡែក ព្រាប សុវត្ថិ ឯណោះវិញ គឺ «ស្រែខ្លាំងណាស់»។ ប៉ុន្តែក្រោយពីមានការរិះគន់ ពីទស្សនិកជនភ្លាមៗនេះដែរ ក្រុមការងាររបស់វិទ្យុ ABC ក៏បានចេញសុំទោសវិញ ផងដែរ។
ដូច្នេះដើម្បីបានដឹងកាន់តែច្បាស់ សូមបង្វែរអារម្មណ៍មហាជនស្តាប់ និងទស្សនាឃ្លីបវីដេអូ នៃការសុំទោស លោក ព្រាប សុវត្ថិ ពីសំណាក់បុគ្គលិកវិទ្យុ ABC ខាងក្រោមនេះ ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង