(សេអ៊ូល)៖ ស្ត្រីឈ្មោះ Choi Soon-sil ដែលជាដើមចមនៃរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹត និងបាន បណ្តាលឲ្យអាណត្តិប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនោះ ត្រូវបានព្រះរាជអាជ្ញាទីក្រុងសេអ៊ូលធ្វើការឃាត់ខ្លួននាយប់ថ្ងៃចន្ទ នៅប៉ុន្មានម៉ោងក្រោយពេលស្រ្តីរូបនេះ បានចេញមុខបកស្រាយបំភ្លឺតាមការកោះហៅ របស់តុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដោយព្រួយបារម្ភខ្លាចក្រែងលោកស្រី Choi អាចនឹងធ្វើដំណើរចាកចេញពីប្រទេសជាថ្មីម្តងទៀត និងអាច បំផ្លាញភ័ស្តុតាងចោលព្រះរាជអាជ្ញាកូរ៉េខាងត្បូង បានចាប់ឃាត់ខ្លួនលោកស្រី ជាបណ្តោះអាសន្នដោយ មិនមានដីកាឡើយ និងត្រូវបានគេបញ្ជូនទៅកាន់កន្លែងឃុំខ្លួន ជាបន្ទាន់មួយក្នុងទីក្រុងសេអ៊ូល ខណៈមេធាវី របស់លោកស្រី Choi មិនទាន់ត្រូវបានគេអាចទាក់ទង ដើម្បីផ្តល់សេចក្តីអត្ថាធិប្បាយ បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ដែរថាព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតទៅលើ លោកស្រី Choi Soon-sil ពាក់ព័ន្ធនឹងរឿងអាស្រូវ និងការចោទប្រកាន់ដែលថា លោកស្រីបានប្រើភាពស្និតស្នាលរបស់ខ្លួន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុង ដូចជាពិនិត្យឯកសារសម្ងាត់ផ្សេងៗ និងបាន កេងចំណេញយកលុយជាច្រើន តាមរយៈមូលនិធិសប្បុរសធម៌ថែមទៀតផង៕
ប្រភព ៖ យ៊ុនហាប់/ស៊ីអិនអេ