(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក បានប្រកាសថា អាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 នៅតំបន់នេះ ដើម្បីចូលរួមធ្វើការហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃពុធមកម្ល៉េះ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦។
បញ្ជាការយុទ្ធសាស្ត្ររបស់អាមេរិក បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖ « យន្តហោះ B-2 ចូលរួមធ្វើការហ្វឹកហ្វឺនជាមួយនឹងសម្ព័ន្ធមិត្តដើម្បីការពារដែនអាកាស ។ យន្តហោះនេះ បានត្រៀមរួចជាស្រេចក្នុងការទប់ទល់នឹងការវាយប្រហារណាមួយទាំងពេល បច្ចុប្បន្ន និងអនាគត»។
គួរបញ្ជាក់ថា យន្តហោះប្រភេទ B-2 នេះមានសមត្ថភាពខ្ពស់ក្នុងការបាញ់គ្រាប់នុយក្លេអ៊ែរ ក៏ដូចជាគ្រាប់បែកមួយចំនួនទៀត។ ការដាក់ពង្រាយ បានធ្វើឡើងស្របពេលដែល ស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង និងបន្ទាប់ពីអាមេរិក និងចិនបានតំឡើងសសៃកដាក់គ្នាខ្លាំងលើបញ្ហាសមុទ្រចិនខាងត្បូង៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី