CamNews

ព័ត៌មានអន្តរជាតិ 

លោក Trump ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញ ជាមួយក្រុមប្រឹក្សាសន្ដិសុខ UN

ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតី Trump ធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅឯសេតវិមាន នាថ្ងៃចន្ទនេះ ដើម្បីប្រារព្ធកិច្ចប្រជុំវិសាមញ្ញជាន់ខ្ពស់មួយ  ដែលអាចជាកិច្ចប្រជុំគួរឱ្យភ្ញាក់ផ្អើល ដោយសារតែការរិះគន់មិនសំចៃមាត់របស់ប្រធានាធិបតីរូបនេះ ទៅលើស្ថាប័នអន្តរជាតិ អំឡុងពេលយុទ្ធនាការបោះឆ្នោត និងចាប់តាំងពីលោក ចូលកាន់តំណែង។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley កំពុងបម្រើការងារជាប្រធានក្រុមប្រឹក្សាសន្ដិសុខ នៅក្នុងខែនេះ ជាមុខងារ ដែលប្ដូរវេនគ្នាជារៀងរាល់ខែក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ចំនួន ៥ រូប ដែលក្នុងនោះ មានសមាជិកមកពី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងរុស្ស៊ី។  ក្រុមនេះ មានសមាជិក ១៥ រូប  ប៉ុន្តែសមាជិកចំនួន ១០ រូបផ្សេងទៀតនាពេលបច្ចុប្បន្ន  ដែលរួមមានប្រទេសអេហ្ស៊ីប  ប្រទេសជប៉ុន ប្រទេសសេណេហ្គាល់ បូលីវី ប្រទេសអេត្យូពី ប្រទេសអ៊ីតាលី  កាហ្សាក់ស្ថាន  ប្រទេសស៊ុយអែត  អ៊ុយរូហ្គាយ និងអ៊ុយក្រែន សុទ្ធតែជាសមាជិកជ្រើសតាំង ដោយមិនឆ្លងកាត់ការបោះឆ្នោត។



អ្នកស្រី Haley នឹងត្រូវចូលរួមកិច្ចប្រជុំ មុនពេលដែលក្រុមនេះ ត្រឡប់ទៅទីក្រុងញូវយ៉កដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នៅថ្ងៃអង្គារខាងមុខនេះ។ គម្រោងថវិការបស់លោក Trump  ដែលបានស្នើឡើង មានការថយចុះជាខ្លាំង នៅក្នុងការចូលរួមចំណែកដល់អង្គការសហប្រជាជាតិ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់មុខងាររក្សាសន្តិភាពរបស់អង្គការនេះ នៅជុំវិញពិភពលោក។

មុខងារ ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងផ្សេងទៀតរបស់អង្គការសហប្រជាជាតិគឺរួមមាន ការផ្តល់ជំនួយសង្គ្រោះដល់ជនភៀសខ្លួន ការពិនិត្យ និងវាយតម្លៃអ្នកដាក់ពាក្យសុំទិដ្ឋាការ ដែលជាជនភៀសខ្លួន ទៅសហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក អង្គការ UNICEF និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅទីក្រុងវីយែន  ជាទីប្រមូលផ្ដុំមន្រ្ដីអធិការកិច្ច លើអាវុធជាតិផ្ទុះ ដែលត្រួតពិនិត្យលើការគោរពច្បាប់របស់ប្រទេសអ៊ីរ៉ង់ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។




ប្រភពការទូតមួយបានប្រាប់ទូរទស្សន៍ NBC News ថា អគ្គរដ្ឋទូតគ្រប់រូប នឹងទទួលទានកាហ្វេនៅ Blair House  ដែលគេស្គាល់ផងដែរថា ជាផ្ទះសំណាក់របស់លោកប្រធានាធិបតី ជាមួយសមាជិកសភា នាព្រឹកថ្ងៃចន្ទ ហើយបន្ទាប់មក បន្ដដំណើរទៅកាន់សេតវិមាន ដើម្បីជួបជាមួយលោកប្រធានាធិបតី និងទទួលទានអាហារថ្ងៃត្រង់។ ចង់មិនចង់ ប្រទេសកូរ៉េខាងជើង នឹងក្លាយជាប្រធានបទសំខាន់ នៃកិច្ចពិភាក្សា។

រដ្ឋបាលរបស់លោក  Trump អាចដាក់ទណ្ឌកម្មជាឯកតោភាគី លើផ្នែកធនាគារខ្លាំងក្លាជាងមុន ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ប្រសិនបើរដ្ឋបាលរបស់លោកចង់ធ្វើ ដែលការដាក់ទណ្ឌកម្មនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងការដាក់ទណ្ឌកម្មកន្លងមក របស់រដ្ឋបាលលោក អូបាម៉ា ទៅលើប្រទេសអ៊ីរ៉ង់  ជាតួយ៉ាងដូចជា ការបិទធនាគារបរទេសទាំងអស់ ដែលរកស៊ី ជាមួយនឹងប្រទេសកូរ៉េខាងជើង ពីការជួញដូរជាប្រាក់ដុល្លារ ឬជំនួញវិស័យធនាគាររបស់កូរ៉េខាងជើង នៅអាមេរិក។ កាដាក់ទណ្ឌកម្មបែបនោះ  នឹងក្លាយជាការវាយប្រហារ ដោយផ្ទាល់ លើការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិន ដល់របបនយោបាយ នៅក្រុងព្យុងយ៉ាង ។

ទោះជាយ៉ាងណា  រហូតមកដល់ពេលនេះ លោក  Trump មិនបានជ្រើសរើសយកផ្លូវបែបនោះទេ ប៉ុន្ដែបាននិយាយម្តងហើយម្តងទៀតថា៖ "ជម្រើសទាំងអស់ គឺនៅលើតុ" ដែលលោកចង់សំដៅទៅលើការប្រើសកម្មភាពយោធាជំនួសវិញ។

អ្នកជំនាញជាច្រើន រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Leon Panetta បានបន្ទាបបន្ថោកលើលទ្ធភាពជោគជ័យនៃការធ្វើកូដកម្មយោធាជាមុន ដែលអាចបណ្ដាលឱ្យពលរដ្ឋរាប់លាននាក់ នៅក្នុងទីក្រុងសេអ៊ូល និងកងទ័ពរបស់សហរដ្ឋអាមេរិកប្រមាណ ២៨,៥០០  នាក់នៅកូរ៉េខាងត្បូង រងគ្រោះដោយកាំភ្លើងធំរបស់កូរ៉េខាងជើង បើប្រសិនបើភាគីទាំងពីរ មានការសងសឹកនឹងគ្នា។

កត្ដានេះហើយ ទើបពលរដ្ឋអាមេរិកាំង ដែលជាគ្រូបង្រៀនគណនេយ្យកូរ៉េ-អាមេរិក ម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ នៅឯព្រលានយន្តហោះ ក្រុងព្យុងយ៉ាង ខណៈដែលគាត់ព្យាយាមចាកចេញពីប្រទេសនេះ បន្ទាប់ពីបានរស់នៅទីនោះ រយៈពេលមួយខែ៕


ប្រែសម្រួល ៖ សារ៉ាត


ប្រភព ៖ 
NBC News


Tags: Donald trump