(រីយ៉ូ)៖ បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ និងមនុស្ស០៧នាក់ផ្សេងទៀតបានរងរបួស នៅអំឡុងពេលនៃការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ចំនួន០២ នៅឯកីឡដ្ឋានបាល់ទាត់ក្នុងទីក្រុងរីយ៉ូ ឌឺហ្សានណេរ៉ូ ប្រទេសប្រេស៊ីលនៅថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរប្រេស៊ីលបុរសឈ្មោះថា Diego Silva dos Santos អាយុ២៨ឆ្នាំត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅកីឡដ្ឋាន Rio's Olympic Stadium នៅមុនពេល ការប្រកួតចាប់ផ្ដើមរវាងក្លឹបបាល់ទាត់ Flamengo និងក្រុម Botafogo ដែលត្រូវប្រកួតដណ្ដើមពានរង្វាន់ Carioca championship។ ជាមួយគ្នានោះដែរមន្ត្រីនៃក្លឹប Botafogo បានបង្ហាញពីក្ដីព្រួយបារម្ភ នៅមុនការប្រកួតកើតឡើងទាក់ទិននឹងបញ្ហាសន្តិសុខ ស្របពេលមានការបង្ក្រាបដោយអាជ្ញាធរប៉ូលិសមួយចំនួន។ ក៏ប៉ុន្តែប៉ូលិសប្រេស៊ីលបានច្រានចោលចំពោះការលើកឡើងនេះ។
គួរបញ្ជាក់ថា ក្រុម Flamengo បានក្លាយជាម្ចាស់ពានរង្វាន់ Carioca championship បន្ទាប់ពីលុតក្រុម Botafogo ២ ទល់ ១៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី