ព័ត៌មានអន្តរជាតិ ៖ កូនប្រុសមេដឹកនាំភារវកម្មដ៏កំពូល អាល់កៃដា Osama bin Laden ដែលមាន តួនាទីជាមេដឹកនាំកំពូលអាល់កៃដា នៅឧបទ្វីប Arabian ត្រូវបានសហរដ្ឋអាមេរិកចាត់ចូលទៅក្នុងបញ្ជីស្បែកខ្មៅ ភារវករ របស់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ខណៈមានការចង្អុលបង្ហាញ ឲ្យពលរដ្ឋអាមេរិក ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងសុខសុវត្ថិភាពផ្ទាល់ខ្លួន និងរបរជំនួញ ជាមួយនឹងជនដែលពាក់ព័ន្ធ នេះបើយោងតាមនាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ។
នាយកដ្ឋានរដ្ឋ និងរតនាគារ សហរដ្ឋអាមេរិក គូសបញ្ជាក់ឲ្យដឹងថា ខ្លួនបានចាត់ Hamza bin Laden និង Ibrahim al-Banna ជាភារវករពិភពលោក ។ ប្រភពដដែលបន្តឲ្យដឹងថា Hamza bin Laden ដែលជាកូនប្រុសមេដឹកនាំកំពូលអាល់កៃដានោះ ត្រូវបានមេដឹកនាំក្រុមដ៏កំពូល Ayman al-Zawahiri ប្រកាសឲ្យដឹងថា ជាសមាជិករបស់ក្រុមភារវកម្មខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ Ibrahim al-Banna ត្រូវបានគេដឹងថា ជាសមាជិកជាន់ខ្ពស់នៃក្រុម AQAP ដែលធ្លាប់បម្រើការជាប្រធាន សន្តិសុខពិភពលោក ក៏ដូចជា ផ្តល់ព័ត៌មានយោធា និងសេចក្តីណែនាំសុវត្ថិភាព ទៅកាន់មេដឹកនាំ ក្រុម AQAP ។ សហរដ្ឋអាមេរិក បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចាប់ឃាត់ខ្លួនភារវករដែលចាត់ចូលក្នុងបញ្ជីស្បែកខ្មៅខាងលើនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ